
ភ្នំពេញ៖ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី ៧ សីហានេះ បានចេញសេចក្តីប្រកាសអបអរសាទរ សម្តេច ហ៊ុន សែន ដែល ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។លោកបានចាត់ទុក សម្តេច ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅលើពិភពលោក ដែលបានដឹកនាំប្រទេសកម្ពុជាឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់មានពីមុនមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរី លោក លី ស៊ានឡុង បានគូសបញ្ជាក់ថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ គឺជាការគាំទ្រយ៉ាងច្បាស់ អំពីការដឹកនាំ និង ចក្ខុវិស័យ របស់គណបក្សប្រជាជនកម្ពុជា។លោកសូមសម្តែងការជូនពរដល់សម្តេច ហ៊ុន សែន ដែលទទួលបានការគាំទ្រយ៉ាងច្រើននេះ។
ជាមួយគ្នានេះ លោក លី ស៊ានឡុង បានចាត់ទុកសម្តេច ហ៊ុន សែន ជា មេដឹកនាំកម្រ ដែលបានដឹកនាំកម្ពុជាពីគ្រាលំបាករហូតមានការអភិវឌ្ឍ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្តេចបានដឹកនាំប្រទេស ជាប្រធានអាស៊ានដោយជោគជ័យនៅឆ្នាំ ២០២២ និង បានរៀបចំការធ្វើជាម្ចាស់ផ្ទះលើកដំបូងដែលមិនធ្លាប់មានរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣។
ក្នុងនាមជាមេដឹកនាំសិង្ហបុរី លោក លី ស៊ានឡុង បានប្រកាសត្រៀមខ្លួនរួមជាស្រេចធ្វើការងារជាសម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីទំនាក់ទំនងមិត្តភាព និង យូរអង្វែងនៃប្រទេសទាំងពីរ ជាពិសេសជំរុញ ពាណិជ្ជកម្ម និង ការវិនិយោគ ៕