Yearendyearend1140x150

លោក ហ៊ុន ម៉ាណែត នឹងប្រើ«យុទ្ធសាស្ត្រ»៥ចំណុចដើម្បីបន្តដឹកនាំកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៥ ជាអាទិភាព ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជនកម្ពុជា។ នេះបើយោងតាមបណ្តាញតេលេក្រាមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែសីហានេះ គោលដៅយុទ្ធសាស្ត្រទាំង៥របស់គណបក្សប្រជាជនកម្ពុជា គឺទីមួយ ផ្តោតលើការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការពារាល់សមិទ្ធិផលនៃសង្គមជាតិឱ្យមានគង់វង្សស្ថិតស្ថេរ។

យុទ្ធសាស្ត្រទីពី រាជរដ្ឋាភិបាលថ្មីនឹងកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។

យុទ្ធសាស្ត្រទីបី កសាងប្រព្រ័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាផ្តល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។

យុទ្ធសាស្ត្រទីបួន ជំរុញការអនុវត្ត «កម្ពុជា គ្មានមីនដល់ឆ្នាំ២០២៥» និងកាត់បន្ថយចំនួនយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបានអតិបរមា ក្នុងអាណត្តិថ្មីនេះ។ យុទ្ធសាស្ត្រសំខាន់មួយទៀត គឺរដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់នៃការកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងប្រទេសទាំងអស់លើពិភពលោក ក៏ដូចជាការចូលរួមពីអង្គការអន្តរជាតិនានាសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង