Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជា«នាយករដ្ឋមន្ត្រី»ផ្លូវការសម្រាប់អាណត្តិទី៧

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហានេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាផ្លូវការ ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា បន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីចាស់ដែលកាន់អំណាចអស់រយៈពេលជិត៤០ឆ្នាំ។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង ជា«នាយករដ្ឋមន្ត្រីនៃកម្ពុជា»ផ្លូវការ ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ជានាយឧត្តមសេនីយ៍ ផ្កាយ មាស៤ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាម៉េរិក West Point និង បានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។ក្រៅពីមុខជំនាញទាំងពីរនេះ លោក ហ៊ុន ម៉ាណែត សិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយមានមុខតំណែងគន្លឹះ និង ការទទួលខុសត្រូវជាច្រើននៅ ក្នុងវិស័យយោធា និង នៅក្នុងជួរគណបក្សប្រជាជន។

ក្នុងជួរគណបក្ស លោក ហ៊ុន ម៉ាណែត គឺជាសមាជិកវ័យក្មេងជាងគេ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ហើយលោក និងភរិយា គឺលោកស្រី ពេជ្រ ច័ន្ទមុន្នី បានធ្វើយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា នារយៈពេលពីរឆ្នាំចុង ក្រោយនេះ ដោយទទួលបានការគោរពស្រឡាញ់ពីមហាជនខ្មែរជាច្រើនផងដែរ។

ការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា បន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីចាស់ដែលកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំ។លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំយុវជនបន្តវេនប្រកបដោយសក្កានុពល នឹងចូលខ្លួនបន្តបេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីនាំកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍របស់ខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។តាមការរំពឹងទុក សមាសភាពភាគច្រើននៃរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងជាអ្នកដឹកនាំវ័យក្មេង ពោរពេញដោយកម្លាំង ថាមពល បញ្ញា និង បានឆ្លងកាត់បទពិសោធន៍ការងារក្នុងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិកន្លងមក។

គួរបញ្ជាក់ថា បន្ទាប់ពីការកសាង និង បន្សល់ទុកស្នាដៃច្រើនរាប់មិនអស់ ក្នុងដំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដា បានប្រកាសជាផ្លូវការ ឈប់បន្តធ្វើជានាយករដ្ឋមន្ត្រី ជំនួសមកវិញដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ក្រោយទទួលបានការគាំទ្រពីគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងការបោះឆ្នោតអាណត្តិទី៧កន្លងទៅនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង