
ភ្នំពេញ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី ៥ សីហា ឆ្នាំ២០២៣ បានបង្ហាញវត្តមានរបស់លោក ក្នុងពិធីខួបកំណើតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។វត្តមានរបស់លោកថាក់ស៊ីនពេលនេះ ធ្វើឡើងបន្ទាប់ពីលោកប្រកាសចូលប្រទេសថៃវិញនៅថ្ងៃទី ១០ សីហាខាងមុខនេះ។
យោងតាមគណនី TIKTOK ផ្លូវការរបស់សម្តេច ហ៊ុន សែន បានបង្ហោះនៅថ្ងៃនេះ មានបង្ហាញពីពិធីអបអរសាទរខួបកំណើតរបស់សម្តេចអមជាមួយខ្លឹមសារខ្លីថា "ឆ្នាំនេះ កូន និងចៅមកជួបជុំនិងមានបងធម៌ប្អូនធម៌មកចូលរួមខួបកំណើតនៅផ្ទះដែរ"។
តាមរយៈវីដេអូចំនួនជាង១នាទីនោះគេពិនិត្យឃើញមានវត្តមានរបស់លោកថាក់ស៊ីន ស៉ីនណាវ៉ាត្រា ដែលជាអ្នកនយោបាយដែលស្រឡាញ់ពេញចិត្តពីប្រជាជនថៃចូលរួមផងដែរ។វត្តមានរបស់លោកថាក់ស៉ីននេះ បាននាំឱ្យមានការភ្ញាក់ផ្អើលពីសាធារណជនជាខ្លាំង។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បានរៀបចំពិធីខួបកំណើត ឈានចូលអាយុ៧២ឆ្នាំ កាលពីថ្ងៃទី៥ ខែសីហា។ខួបកំណើតដោយទទួលបានការអបអរសាទរជាច្រើនពីប្រជាពលរដ្ឋ ជាពិសេសមន្ត្រីនៅក្រោមឱវាទរបស់សម្តេច។ក្នុងនោះក៏បានវត្តមានលោកថាក់ស៉ីនដែលគេស្គាល់ថាជាបងប្អូនធម៌របស់សម្តេចផងដែរ៕