
ភ្នំពេញ៖ សត្វក្រៀលជាប្រភេទបក្សីដែលកម្រមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយះចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគម្រាមកំហែងជិតផុតពូជ អាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជានិងវៀតណាមមាន ៨៧៨ក្បាល ក្នុងឆ្នាំ២០០២ ធ្លាក់មកដល់១៥៦ក្បាលក្នុងឆ្នាំ២០២២។
ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀល នៅកម្ពុជាឆ្នាំ២០២៣ នៅតាមទីតាំងសំខាន់ៗ ក្នុងប្រទេសកម្ពុជានិងវៀតណាម ដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។
កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅកម្ពុជាគឺធ្វើឡើងកាលពីខែធ្នូ មករា កុម្ភះ មីនា មេសា និងខែឧសភា។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានសត្វក្រៀលមានចំនួនខ្ពស់បំផុតក្នុងខែកុម្ភះ មានចំនួន ១៨០ក្បាល តួលេខថ្មីនេះបានបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ ដែលមានចំនួនរាប់បានត្រឹមតែ ១៥៦ក្បាល និងឆ្នាំ២០២១ រាប់បានតែ ១៦១ក្បាល។ ហើយសត្វក្រៀល ២ក្បាលត្រូវបានកត់ត្រា ក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿនផងដែរ។
សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាខ្លាំងមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកថែមទៀតផង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា« វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ២០២៣ ដែលបានបង្ហាញពីសញ្ញាវិជ្ជមានព្រោះថាទិន្នន័យជំរឿនសត្វក្រៀលក្នុងរយះពេល១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។ ក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។
ចំពោះសត្វក្រៀលនេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣បានចេញសេចក្តីសំរេចបង្កើតក្រុមការងារអភិរក្សក្រៀល ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់ ការស្រាវជ្រាវ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអបរ់ផ្សព្វផ្សាយ»៕