
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ លោកនឹងចូលរួមសង្កេតការណ៍ ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣កក្កដា។
ក្នុងអំឡុងពេលទស្សនកិច្ច លោក នូណូ ហ្គូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួប សម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេល ល្ងាចការងារ ដែលរៀបចំដោយសម្តេចនាយករដ្ឋមន្ត្រី។ ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។
ជាមួយគ្នានេះ លោក នូណូ ហ្គូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃកម្ពុជា។ លោក នូណូ ហ្គូមេស ណាប៊ីអេម នឹងឆ្លៀតឱកាសនេះផងដែរ ចូលរួមសង្កេតការណ៍ ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោក នូណូ ហ្គូមេស ណាប៊ីអេម មកកាន់ កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕