Cctime 6monthsfree desktop
Cc times  web banner kh (2)

បារាំងផ្តល់ជំនួយ១.៧លានដុល្លារដល់កម្ពុជាដើម្បីស្តារវិស័យទេសចរណ៍ក្រោយកូវីដ១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា។

ក្រសួងទេសចរណ៍បានអះអាងថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពគ្នាប្រើប្រាស់ហិរញ្ញប្បទាន ១.៥លានអឺរ៉ូ ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមអនុវត្តផែនទីចង្អុលផ្លូវស្តារឡើងវិញលើវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ កម្ពុជា និងបារំាងក៏បានផ្លាស់ប្តូរយោបល់គ្នាលើការដាក់ចេញវិធានការគាំទ្រវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ១៩ និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបានពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទីចង្អុលផ្លូវសម្រាប់ត្រៀមស្តារឡើងវិញនៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូរបស់ខ្លួន នឹងប្រើប្រាស់លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា ជាវិស័យដែលបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរចេញពីបណ្តាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង