Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

អ្វីកើតឡើងប្រសិនកម្ពុជាបិទបណ្តាញសង្គមអាម៉េរិក«Facebook»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ហ្វេសប៊ុក Facebook ជាបណ្តាញសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីដំណើរការនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំ។បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាប្រើប្រាស់មានចំនួនប្រមាណជាង១៣លាននាក់។ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមានបិទបណ្តាញសង្គម «Facebook» បន្ទាប់ពីក្រុមហ៊ុនមួយនេះដាក់ពិន័យផេកហ្វេកប៊ុកសម្តេចពាក់ព័ន្ធនឹងរឿងនយោបាយ។តើអ្វីកើតឡើងប្រសិនកម្ពុជាបិទបណ្តាញសង្គមអាម៉េរិក « Facebook»ពិតមែននោះ?

បណ្តាញសង្គមអាម៉េរិក« Facebook»ចាប់ផ្តើមចាប់អារម្មណ៍ប្រើប្រាស់ច្រើនពីប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣ ជាពេលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៥ ។កាលណោះអតីតគណបក្សប្រឆាំង បានទទួលផលចំណេញច្រើនពីបណ្តាញសង្គមនេះ ដោយប្រើប្រាស់បណ្តាញ សង្គមនេះ ដើម្បីឃោសនាបោះឆ្នោត ប្រមូលកម្លាំងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និង រិះគន់ចំណុចអសកម្មនានាដែលភាពចន្លោះប្រហោង។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្កើតទំព័រ Facebook ផ្លូវការដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ។រយៈពេលជាង៤ខែFacebook សម្តេចមានអ្នកចុចគាំទ្រ (Like) ជាង ២,៣លាននាក់។សម្រាប់សម្តេច ការបង្កើតទំព័រ Facebook នេះ មិនមែនដើម្បីប្រឆាំងនឹងនរណាម្នាក់នោះឡើយ ពោលគឺបង្កើតឡើង ដើម្បីទទួលសេចក្តីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋពេលជួបនូវទុក្ខកង្វល់ និង បញ្ហានានា ហើយក៏បានឆ្លើយតប និង ដោះស្រាយជូនពួកគេភ្លាមៗផងដែរ។

គិតត្រឹមឆ្នាំ ២០២២ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកក្នុងកម្ពុជាមានប្រមាណ ១៣.២ លាននាក់។កំណើននេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាលើការប្រើប្រាស់ទូរស័ព្ទ និង សេវាអ៊ីនធឺណេតរីកសាយកាន់តែទូលំទូលាយ។ យោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើមឆ្នាំ២០២៣នេះ អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាមានចំនួន ១៩.៣៤៧.៨៩២ និង សេវាអ៊ីនធឺណេតចល័តមានចំនួន ១៧.៤៨៧.៩២២។

ភាពទូលំទូលាយនៃបណ្តាញសង្គមនេះ ជាឱកាសសម្រាប់យុវជន ជាពិសេសអ្នករកស៊ីមួយចំនួនធំ ផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួន តាមរយៈលក់ផលិតផលនានា ប្រម៉ូតកេរ្តិ៍ឈ្មោះក្រុមហ៊ុន ឬផលិតវីដេអូ ជាថ្នូរទទួលបានប្រាក់ និងពាណិជ្ជកម្ម។ក្នុងវិបត្តិជំងឺកូវីដ-១៩ ផ្ទុះខ្លាំងការលក់ផលិតផលតាមអនឡាញ ផ្តើមរីកដុះដាលដូចផ្សិត។

ប៉ុន្តែកំណើតច្រើនដ៏គំហុករបស់ Facebook ក៏ជះឥទ្ធិពលមិនល្អដល់សង្គមខ្មែរទាំងមូលផងដែរ ដោយរឿងអសីលធម៌ ព័ត៌មានក្លែងក្លាយ ការបោកប្រាក់មានគ្រប់រូបភាព តែងតែកើតមានហើយវាបានក្លាយជាក្តីបារម្ភពីការបាត់បង់វប្បធម៌ ប្រពៃណីជាតិខ្មែរ និង ជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូល ជាពិសេសព័ត៌មានក្លែងក្លាយ។

ជារួមមកវិញ បើសិនកម្ពុជាបិទបណ្តាញសង្គមអាម៉េរិក «Facebook» ពិតណាស់ផលប៉ះពាល់នឹងមានច្រើន ជាពិសេស អ្នករកចំណូលតាមបណ្តាញអីធើណេតដូច៖អ្នកលក់អនឡាញ អ្នកផលិតមាតិព័ត៌មាន ឬរឿងខ្លី ហើយក្រុមហ៊ុនខ្លះបាត់បង់ឱកាសប្រកួតប្រជែងដោយសារខ្វះធនធានជាដើម។អ្វីដែលសំខាន់ ទុក្ខកង្វល់របស់ពលរដ្ឋអាចនឹងមិនត្រូវបានដឹងដល់រដ្ឋាភិបាលជាដើម។

តែយ៉ាងណាក្តី កម្ពុជាទាំងមូលនិយាយជារួម និយាយដោយឡែកប្រជាជនកម្ពុជា គួរតែត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយមិនត្រូវពឹងផ្អែកតែ«Facebook»ដែលមិនមែនជារបស់ជាតិខ្លួន។រាជរដ្ឋាភិបាលគួរតែរិះរកវិធីសាស្ត្រ បង្កើតបណ្តាញសង្គមដោយខ្លួនឯង កាត់បន្ថយបន្ទិចម្តងៗការប្រើប្រាស់បណ្តាញសង្គមបរទេស ហើយរួមសាមគ្គីគ្នាឱ្យតម្លៃផលិតផលជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង