Yearendyearend1140x150

កុមារជាង១ម៉ឺន៥ពាន់នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងថ្មីរបស់អង្គការភ្លែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ស្ទឹងត្រែង៖ អង្គការភ្លែនអន្តរជាតិកម្ពុជា នាថ្ងៃទី៨ មិថុនា ស្អែកនេះ នឹងប្រកាសដាក់ឱ្យដំណើរការគម្រោងថ្មីរយៈពេលបីឆ្នាំដែលមានឈ្មោះថា «សម្រេចបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ»។ តាមរយៈគម្រោងនេះ កុមារចំនួន ១៤ ៧៦០ នាក់ (ស្រី ៧ ៥០០ នាក់) នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់។

គម្រោង «សម្រេចបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ» មានគោលបំណងលើកកម្ពស់សុខភាព និងបរិស្ថានរស់នៅរបស់ក្មេងស្រី ក្មេងប្រុស និងឪពុកម្តាយរបស់ពួកគេដោយបង្កើនការទទួលបាន ការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យគ្រប់គ្រាន់ និងស្មើភាពគ្នានៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងវិធីសាស្រ្តសហគមន៍ដឹកនាំអនាម័យ។

គម្រោងនេះអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៥ គម្រោង នឹងធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយអង្គការវឌ្ឍនភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តទាំងពីរ ដើម្បីបំបែកដែនកំណត់នៃការទទួលបាន និងប្រើប្រាស់ការកែលម្អការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងភូមិគោលដៅចំនួន ៣៤ នៃឃុំចំនួន ៦ ក្នុងស្រុកចំនួន ៤ ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៤៣៤០ គ្រួសារ ក្នុងនោះកុមារចំនួន ១៤ ៧៦០ នាក់ (ស្រី ៧ ៥០០ នាក់) និងផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់គ្រួសារចំនួន១០២៤។

គម្រោងនេះ នឹងនាំយកប្រព័ន្ធផ្គត់ផ្គង់ទឹកតាមសហគមន៍ដែលធន់ទៅនឹងអាកាសធាតុ ជាមួយនឹងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់ប្រព័ន្ធចែកចាយទឹក និងការសាងសងអាងត្រងទឹកភ្លៀងតាមគ្រួសារដែលមានភាពសាំនឹងអាកាសធាតុ ទៅកាន់តំបន់គោលដៅទាំងអស់។ លើសពីនេះ ការផ្លាស់ប្តូរ ឥរិយាបថ និងការយល់ដឹងអំពីអនាម័យ រួមចំណែកយ៉ាងសំខាន់ដល់ការកែលម្អស្ថានភាពសុខភាពទូទៅរបស់សហគមន៍។ ដូច្នេះ គម្រោងនឹងធ្វើការរួមគ្នា និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចបាននូវការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឲ្យដឹងថា ទឹក និងអនាម័យ គឺជាមូលដ្ឋានគ្រឹះនៃជីវិត។ ទោះជាយ៉ាងនេះក្តី គ្រួសារមួយចំនួននៅតំបន់ជនបទនៅតែប្រឈមមុខនឹងភាពមានកម្រិតនៃការទទួលបានទឹកស្អាតដែលមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ និងមិនអនាម័យល្អ ដែលបណ្តាលឱ្យមានជំងឺរាករូស និងកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ និងមនុស្សធំ ព្រមទាំងនាំឱ្យបាត់បង់ប្រាក់ចំណូលគ្រួសារតាមរយៈការចំណាយលើថ្លៃព្យាបាល បាត់បង់ពេលវេលានៅកន្លែងធ្វើការ និងអវត្តមានពីសាលារៀនសម្រាប់សិស្ស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង