Yearendyearend1140x150

កូនអណ្តើកហ្លួង១២២ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ កូនអណ្តើកហ្លួងចំនួន ១២២ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។ ក្នុងរដូវពងកូនឆ្នាំ២០២៣នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង ពងបាន ចំនួន ២១សម្បុក ស្មើ ២៧២ពង ហើយញាស់បានចំនួន ១២២កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២២ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយញាស់បានតែ៣០កូន ក្នុងចំណោមពង៩សម្បុកដែលមាន ៨១ពង។

លោក Christopher Poyser ប្រធានមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងនៃអង្គការ WCS បានថ្លែងថា ការកើនឡើងនូវចំនួនពងក៏ដូចជាចំនួនកូនអណ្ដើកហ្លួងក្នុងរដូវពងកូនលើកនេះ គឺបានបង្ហាញពីលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វដ៏កម្រជិតផុតពូជនេះកន្លងទៅ។ មជ្ឈមណ្ឌលអភិរក្សសត្វល្មូន សង្ឃឹមថា ក្នុងរដូវពងកូនក្នុងឆ្នាំបន្ទាប់  ចំនួនកូនអណ្ដើកហ្លួងនឹងកាន់តែមានការកើនឡើងជាបន្តបន្ទាប់។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា កូនអណ្ដើកហ្លួងនេះជាក្ដីសង្ឃឹមដ៏ធំធេង ដើម្បីស្ដារចំនួនប្រភេទសត្វដ៏កម្រជិតផុតពូជនេះ ក្នុងប្រទេសកម្ពុជា។ រដ្ឋបាលជលផលលើកទឹកចិត្តនិងគាំទ្រពេញទំហឹង ក្នុងការបន្ដនូវកម្មវិធីបង្កាត់ពូជ ក៏ដូចជាជម្រុញឱ្យមានការសហការកាន់តែចិត្តស្និទរវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីអភិរក្សសត្វប្រភេទនេះឱ្យកាន់តែមានភាពប្រសើឡើង  ហើយអណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយទៀត។

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ២៨១ក្បាល  ក្នុងនោះអណ្តើកហ្លួងមេពូជសម្រាប់កម្មវិធីបង្កាត់ពូជចំនួន ៥០ក្បាល និងអណ្ដើកហ្លួងវ័យជំទង់ និងទើបតែញាស់ចំនួន២៣១ក្បាល។ ចាប់តាំងពី ២០១៥មក អង្គការសមាគមអភិរក្សសត្វព្រៃ បានលែងអណ្ដើកហ្លួងវ័យជំទង់ និងពេញវ័យចូលទីជម្រកធម្មជាតិវិញចំនួន ១៦៦ក្បាលដើម្បីបង្កើនចំនួនសត្វប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។

គួរបញ្ជាក់ថា អណ្ដើកហ្លួង ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥។ ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង