Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

យុវជន ពេជ្រ សុវណ្ណ រៀបចំ«WSC Debate Training» ដើម្បីពង្រឹងសមត្ថភាពយុវជន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជន ពេជ្រ សុវណ្ណ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះស៊ីសុវត្តិ សាលារៀនជំនាន់ថ្មី បានរៀបចំវគ្គបណ្ដុះបណ្ដាល «WSC Debate Training» ដើម្បីពង្រឹងសម្ថភាពយុវជន ពិសេសនោះគឺការពង្រឹងសមត្ថភាពផ្នែកជជែកដេញដោល។ សុវណ្ណ បានចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលនេះ តាំងពីខែមីនា ឆ្នាំ២០២៣ មកម្លេះ ដោយការចុះឈ្មោះចូលរួមនៅពេលនោះ ធ្វើជាលក្ខណៈឯកជនតែប៉ុណ្ណោះ។ រហូតដល់មានការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ម្ដងទៀត នៅក្នុងខែមេសា កន្លងទៅ ដោយបើកឲ្យមានការចុះឈ្មោះជាសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏គ្រោងនឹងរៀបចំម្ដងទៀតនៅក្នុងខែកក្កដា និងខែសីហា ខាងមុខនេះ ផងដែរ។

យុវជន ពេជ្រ សុវណ្ណ បានប្រាប់ស៊ីស៊ីថាមស៍ថា វគ្គបណ្ដុះបណ្ដាលនេះបានត្រៀមក្នុងការរៀបចំតាំងពីខែកុម្ភៈ មកម្លេះ។ លើកដំបូងរៀបគម្រោងតែម្នាក់ឯង បន្ទាប់មកមានការជួយពីសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍នៅក្នុងការជជែកដេញដោល និងមានគោលដៅដូចគ្នា។ នៅក្នុងខែមីនា សិក្ខាសាលាមួយក៏ចាប់ផ្ដើមឡើង ហើយយក៏មានការចុះឈ្មោះ ប៉ុន្ដែការចុះឈ្មោះនោះធ្វើជាលក្ខណៈឯកជន ដោយសារតែរៀបចំវគ្គបណ្ដុះបណ្ដាលនេះ មិនទាន់បានល្អនៅឡើយ។ នៅពេលនោះមានសិស្សប្រមាណជា ២០នាក់ ប៉ុណ្ណោះដែលបានចុះឈ្មោះ។

នៅក្នុងខែមេសា វគ្គបណ្ដុះបណ្ដាលនេះ ក៏បានរៀបចំម្ដងទៀត និងបានបើកឲ្យមានការចុះឈ្មោះជាសាធារណៈ ដែលមានអ្នកចុះឈ្មោះចូលរួមជាង ៨០នាក់។ នៅពេលការចុះឈ្មោះត្រូវបានបិទ មានសិស្សានុសិស្សមួយចំនួន បានស្នើសុំចូលវគ្គបណ្ដុះបណ្ដាលនេះ ប៉ុន្ដែដោយសារតែទីតាំងតូច ពេលវេលាខ្លី និងអ្នកបង្ហាត់មានចំនួនតែ ៧នាក់ ដែលធ្វើឲ្យពិបាកនៅក្នុងការគ្រប់គ្រង។ ដោយមានការសើ្នសុំរបស់សិស្សានុសិស្ស បន្ទាប់សិក្ខាសាលានេះបានបញ្ចប់ WSC Debate Training នឹងរៀបចំសិក្ខាសាលាបន្ទាប់ទៀត ដោយធ្វើការពង្រឹងចំណុចខ្វះខាតនៅក្នុងសិក្ខាសាលាទី១។

យុវជនរូបនេះ បានបន្ដថា សិក្ខាសាលាលើកទី២ នឹងធ្វើប្រព្រឹត្តទៅចំនួន ២លើក ដែលនៅក្នុងខែកក្កដា សម្រាប់អ្នកទៅប្រកួតវគ្គ Gloubal Round នៅប្រទេសកូរ៉េ និងខែសីហា សម្រាប់អ្នកទៅប្រកួតនៅប្រទេសថៃ។ សិក្ខាសាលានេះ មិនត្រឹមតែបើកសម្រាប់អ្នកដែលទៅចូលរួមប្រកួតបញ្ញវន្ដអន្ដរជាតិ (The World Scholar’s Cup - WSC) នោះទេ គឺបើកគ្រប់កម្រិតថ្នាក់ទាំងអស់។

យុវជន សុវណ្ណ បានឲ្យដឹទៀតថា កត្តាដែលជំរុញនៅក្នុងការធ្វើសិក្ខាសាលានេះ ដោយសារមានបទពិសោធនៅក្នុងការប្រកួតបញ្ញវន្ដអន្ដរជាតិ ។ ម្យ៉ាងវិញទៀត នៅក្នុងឆ្នាំ២០២៣នេះ មានសិស្សានុសិស្សជាច្រើន ដែលបានចូលរួមប្រកួត។ នៅក្នុងការប្រកួតបញ្ញវន្ដអន្ដរជាតិមាន ០៤វិញ្ញាសា ដូចជា Team Debate, Collaborative Writing, Scholar's Challenge និង Scholar's Bowl ។ ក្នុងនោះ មានវិញ្ញាសារបី អ្នកចូលរួមប្រកួតអាចស្វ័យសិក្សាដោយខ្លួនឯងបាន ដោយឡែកវិញ្ញាសា Team Debate ពួកគេត្រូវការគ្រឹះ នៅក្នុងការប្រកួតប្រជែងនេះ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ នឹងជួយពួកគេមានមូលដ្ឋានគ្រឹះ នៅក្នុងការយកគ្រឹះនៃការជជែកដេញដោល មកអនុវត្ត ដែលអាចជួយបង្កើនពិន្ទុរបស់ពួកគេ នៅពេលចូលរួមប្រកួត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង