
ភ្នំពេញ៖ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រួវបានបង្កើតឡើងដោយកាកបាទក្រហមអន្ដរជាតិ ប្រចាំនៅកម្ពុជា ដែលបច្ចុប្បន្នជាកម្មសិទ្ធរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ បច្ចុប្បន្ននេះ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត មានបុគ្គលិកចំនួន ៣៤នាក់ ដែលភាគច្រើនពួកគេមានវ័យចំណាស់ ជាហេតុធ្វើឲ្យមានការខ្វះខាតធនធាននាថ្ងៃអនាគត។
បើតាមលោក ហឿង សុផាន់ណា ប្រធានរោងចក្រផលិតឧបករណ៍សិប្បនិម្មិត បានប្រាប់ស៊ីស៊ីថាមស៍ ថា បច្ចុប្បន្នរោងចក្រឧបករណ៍សិប្បនិម្មិត មានបុគ្គលិកចំនួន៣៤ នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ មន្ដ្រីក្របខណ្ឌចំនួន១៧នាក់ និងមន្ដ្រីកិច្ចសន្យាចំនួន៧នាក់។ ហើយភាគច្រើននៃបុគ្គលិកទាំងនោះ មានវ័យចំណាស់

លោក ហឿង សុផាន់ណា បានបន្ដថា ដោយសារតែបុគ្គលិកភាគច្រើនមានវ័យចំណាស់ ដែលអាចនឹងធ្វើឲ្យមានការខ្វះខាតធនធានមនុស្ស នាថ្ងៃអនាគត ហើយរោងចក្រក៏ត្រូវការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ ដើម្បីបន្ដវេនពីពួកគេផងដែរ។ ក្រៅពីការប្រឈមការខ្វះធនធានមនុស្សនាថ្ងៃអនាគត បច្ចុប្បន្ននេះរោងចក្រក៏កំពុងតែខ្វះខាតនូវសម្ភារៈ ក៏ដូចជាម៉ាស៊ីន ដែលប្រើដើម្បីផលិតនូវឧបករណ៍អវៈយវ:សិប្បនិម្មិត ផងដែរ។
លោក ហឿង សុផាន់ណា បានបន្ថែមថា ធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់ បើទោះបីជានៅក្នុងការផលិតមានការប្រើប្រាស់នូវម៉ាស៊ីនក៏ដោយ ក៏រោងចក្រត្រូវការបណ្ដុះបណ្ដាលពួកគេដើម្បីមើលការខុសត្រូវ ក៏ដូចជាគ្រប់គ្រងម៉ាស៊ីនទាំងនោះ។ បន្ថែមពីនេះទៀត មិនមែនគ្រប់ដំណាក់កាល នៃការផលិតត្រូវប្រើម៉ាស៊ីនទាងអស់នោះទេ ជាពិសេសនៅពេលផ្គុំ និងសម្អាតឧបករណ៍ទាំងនោះ មិនត្រូវការប្រើប្រាស់ម៉ាស៊ីននោះទេ។
គួរបញ្ជាក់ថា រោងចក្រផលិតឧបករណ៍សិប្បនិម្មិតមានទីតាំងស្ថិតនៅក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ រោងចក្រនេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាការកាកបាទក្រហមអន្ដរជាតិ នាឆ្នាំ១៩៩១ ដោយគណៈកម្មាការកាកបាទក្រហមអន្ដរជាតិ បាននាំយកបច្ចេកវិទ្យានៃការផលិតសម្ភារៈជំនួយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស មកបង្កើតរោងចក្រនៅកម្ពុជា ដែលចំណាយថវិកាជាង២១ម៉ឺនដុល្លារ៕

.jpg?1683090500)



.jpg?1683090535)