ខេត្តព្រះសីហនុ៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃាង ភារម្យ អោយដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃ១៨កុម្ភៈ២០២០នេះ ក្រុមគ្រូពេទ្យជំនាញបានបញ្ចប់ការយកសំណាក ពីអ្នកទេសចរណ៍ដែលនៅសល់ចុងក្រោយគេចំនួន ២៣៣នាក់លើនាវា Ms Westerdam ដឹកតាមឧត្ថម្ភាគចក្រ យកទៅកាន់វិទ្យាស្ថានប៉ាស្ទរ័ ដើម្បីពិនិត្យរកមើលមេរោគ Covid-19 ។
បើតាមលោកឃាង ភារម្យបញ្ជាក់ថា ក្រោយពិនិត្យផ្ទៀងផ្ទាត់លើអ្នកដំណើរទេសចរណ៍ចុងក្រោយទាំង២៣៣នាក់ដឹងលទ្ធផលហើយ ទើបបន្តយកសំណាកពីក្រុមកងនាវិកលើនាវានេះ ចំនួន៧៤៧នាក់បន្ថែមទៀត យកទៅកាន់វិទ្យាស្ថានប៉ាស្ទរ័ដើម្បីពិនិត្យរកមើលមេរោគ Covid-19 ដូចគ្នា ហើយក្រោយពិនិត្យសំណាករួចរាល់ដឹងលទ្ធផលយ៉ាងណានោះ ទើបអជ្ញាធរមានការសម្រេចជាក្រោយ។
សូមបញ្ជាក់ថា នាវា Ms Westerdam មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី១៣កុម្ភៈ២០២០ ដើម្បីជួយសម្រួលដោះស្រាយការងារចាំបាច់ផ្នែកមនុស្ស បន្ទាប់ពីបណ្តាប្រទេស និងកោះមួយចំនួនបដិសេធមិនអោយនាវានេះចូលចត ក្រោមហេតុផលថាខ្លាចឆ្លងមេរោគCovid-19 ហើយក្នុងឱកាសចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៍បានអញ្ជើញមកជួបទទួលស្វាគមន៍អ្នកទេសចរណ៍និងកងនាវិកសរុបជាង២០០០នាក់ មកពីជិត៥០ប្រទេសដែលជិះក្នុងនាវានេះ ដោយការស្រឡាញ់មិនរើសអើង។
បន្ទាប់មកអជ្ញាធរកម្ពុជាបានសម្រួលអោយអ្នកទេសចរណ៍ជាង១០០០នាក់ ខ្លះជិះយន្តហោះត្រឡប់ទៅដល់ប្រទេសកំណើតវិញហើយ និងខ្លះទៀតកំពុងបន្តស្នាក់នៅទស្សនាប្រទេសកម្ពុជា ។ សម្រាប់អ្នកនៅលើនាវាចុងក្រោយ ទាំងអ្នកដំណើរទេសចរណ៍ទាំងក្រុមនាវិក ដូចចំនួនខាងលើ អជ្ញាធរសុខាភិបាលកម្ពុជាកំពុងពិនិត្យធ្វើតេស្តសុខភាព មុននឹងអនុញ្ញាតអោយបន្តដំណើរត្រឡប់ទៅប្រទេសកំណើតវិញ៕