ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានណែនាំដល់មន្រ្តីពាក់ព័ន្ធសិក្សាអំពីលទ្ធភាពនៃការសង ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសវិញ នូវការឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ដែលបានផ្អាក ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ។
សារជាសំឡេងមួយដែលត្រូវបានបែកធ្លាយពីក្រុមការងាររដ្ឋបាល បានឱ្យដឹងថា សម្តេច ហ៊ុន សែន បានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំគណៈកម្មកំណត់រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីសងដល់វិញ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសារនោះសម្តេចបញ្ជាក់ថា “រហូតមកទល់ពេលនេះ វាជាពេលសមល្មម ដែលត្រូវសងតាមការសន្យា ជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក”។
នៅក្នុងសារជាសំឡេងនោះ មិនបានបញ្ជាក់ថា ថ្ងៃដែលរាជរដ្ឋាភិបាល«សងថ្ងៃចូលឆ្នាំខ្មែរ»រយៈពេល៥ថ្ងៃនៅពេលណានោះទេ ដោយរង់ចាំការពិភាក្សាពីគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាមុនសិន។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងប្រាប់ស៊ីស៊ីថាមស៍។
តែយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានអះអាងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន អាចនៅចុងខែ កក្កដា និង ដើមខែសីហា ឆ្នាំ ២០២០ ។បើសិនជាកិច្ចប្រជុំបានឯកភាពគ្នាហើយ នឹងចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំ ចំនួន ៥ ថ្ងៃ បានសេចក្តីថា៖ ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ការឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងខែមេសា ឆ្នាំ២០២០ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩។ជាថ្នូរមកវិញរាជរដ្ឋាភិបាលកម្ពុជា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ៕