681 ezgif.com resize
Moneygramott moi1280x163px

ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅលើភ្នំបូកគោសម្រេចបាន៣០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ ក្រុមហ៊ុន សុខា អូតែល សាងសង់ផ្លូវប្រវែង១២០គីឡម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់ សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ។ ផ្លូវនេះ ត្រូវបានចាប់ផ្ដើមរៀបចំស្ថាបនាឡើង បន្ទាប់ពី ទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដែលមានក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ឯ.ក ជាអ្នកម៉ៅការសាងសង់។ បើតាមដំណើរចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវ នេះ កាលពីថ្ងៃទី០៨ មេសា ការសាងសង់សម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហ៊ានៗ ស្របទៅតាមតម្រូវការជាក់ស្ដែងក្នុងដំណាក់កាលនីមួយៗ។

ដោយភ្នំបូកគោនេះ មានទំហំធំធេង ហើយមានផ្លូវឡើងចុះតែមួយខ្សែ រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានសម្រេចបើកផ្លូវថ្មីចំនួនមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ កាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយការចំណាយក្នុងការសាងសង់ផ្លូវនេះជាបន្ទុករបស់ក្រុមហ៊ុន សុខា អូតែល និងអនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើការស្ថាបនាប្រព័ន្ធផ្លូវមេក្នុងតំបន់ភ្នំនេះ ប្រវែងប្រមាណ ១២០ គីឡូម៉ែត្រ ទៀត ដើម្បីបម្រើដល់ចរាចរណ៍ និងការដឹកជញ្ជូនក្នុងតំបន់។

ចំពោះការស្ថាបនាផ្លូវថ្មីមួយខ្សែ នេះ គឺជាផ្លូវមេ ដែលត្រូវស្ថាបនាតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។ តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទទឹង ៣.៥ ម ចំនួន ២ គន្លងផ្លូវម៉ូតូទទឹង ៣ ម សង្ខាងចំនួន២គន្លង និងចិញ្ចើមផ្លូវទទឹង ៣.៥ម សង្ខាង ដែលសាងសង់ជាផ្លូវក្រាលកៅស៊ូ (AC)។ ប៉ុន្តែផ្អែកតាមស្ថានភាពដីបត់បែនឡើងចុះនៅទីនេះ និង ដើម្បីធានាភាពរឹងមាំយូរអង្វែងផង ក្រុមហ៊ុនមានគម្រោងចាក់បន្ថែម នូវកម្រាលបេតុងកម្រាស់ ២០០ មីលីម៉ែត្រ ហើយអ៊ុតកៅស៊ូពីលើ។

មកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ ឈូសឆាយ សម្អាតចេញជាគន្លងតួផ្លូវ ហើយបានតភ្ជាប់ទាំងស្រុង ពីផ្លូវជាតិលេខ៤ រហូតទៅដល់ កំណាត់ផ្លូវវាលស្រែ ៥០០ នៅលើខ្នងភ្នំបូកគោ ដែលឥឡូវនេះ អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ។ ពោលការសាងសង់សម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវ បន្តធ្វើជាជំហ៊ានៗ ផ្លូវម៉ាកាដាំ សិន ទៅតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន។

ការស្ថាបនាផ្លូវនេះ គឺមានការលំបាក និងជួប បញ្ហាប្រឈមជាច្រើន ខុសពីការស្ថាបនាផ្លូវនៅលើដីរាប ដែលស្ថានភាពដីភ្នំនៅទីនេះ មាននីវ៉ូទាប ខ្ពស់ ខុសគ្នាជាខ្លាំង មានជ្រោះជ្រៅ ជ្រលងភ្នំធំៗ និងផ្ទាំងថ្មធំៗ ជាច្រើនកន្លែង ដែលត្រូវកាត់បន្ទាប និងចាត់បំពេញ តម្រូវតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់។ រីឯ អាកាសធាតុ វិញ គឺមានភ្លៀងធ្លាក់ជាច្រើនខែក្នុងមួយឆ្នាំ ដែលធ្វើឱ្យរយៈពេលធ្វើការ មិនបានពេញលេញ ហើយកត្តាទាំងអស់នេះ ធ្វើឱ្យមានការចំណាយលើសាងសង់ខ្ពស់៕



Khcct banner

អត្ថបទទាក់ទង