
ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេស និង ឯកអគ្គរដ្ឋទូតចិន នៅថ្ងៃទី ៦ ខែមេសានេះ បានណាត់ជួបគ្នាពិភាក្សាយ៉ាងស្និទ្ធស្នាលអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតអង់គ្លេស និង ស្ថានទូតចិនក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។គេមិនទាន់ដឹងព័ត៌មានលម្អិតយ៉ាងណានោះទេ តែវាជាសញ្ញាល្អមួយសម្រាប់ប្រទេសកម្ពុជា ក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
តាមការគម្រោងទុកឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និង ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian បានពិភាក្សាក្នុងស្ថានទូតចិននៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។ជាជំនួបដែលរៀបចំឡើងប្រកបដោយភាពស្និទ្ធស្នាល និង បានជជែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតអង់គ្លេស និង ស្ថានទូតចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
គេមិនទាន់ដឹងព័ត៌មានលម្អិតយ៉ាងណានោះទេ។ប៉ុន្តែបើតាម ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនដែលសរសេរជាភាសាខ្មែរបានលើកឡើងថា "ខ្ញុំបានចូលចិត្តជួបគ្នាឯកឧត្តម Wang Wentian និងបានស្តាប់អំពីបទពិសោធន៍របស់ឯកឧត្តម នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៨។ យើងយល់ស្របថា កម្ពុជាទទួលបានអត្ថប្រយោជន៍ពីដៃគូជាច្រើនដែលគាំទ្រការអភិវឌ្ឍន៍របស់ខ្លួន។"
ទោះបីជាមិនមានព័ត៌មានលម្អិតពីជំនួប តែកាយវិកានេះ ជាសញ្ញាដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជាដែលទូតអង់គ្លេស និង ទូតចិន បានជួបគ្នា ដើម្បីស្វែងរកជួយអភិវឌ្ឍន៍កម្ពុជា។ប្រទេសចិនគឺជាមិត្តដែកថែបរបស់កម្ពុជា និងជាប្រទេសដែលមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។
ចំណែកប្រទេសអង់គ្លេស ជាប្រទេសក៏មានទំនាក់ទំនងល្អជាមួយគម្ពុជា ហើយបច្ចុប្បន្ននេះកំពុងស្វះស្វែងរកដៃគូពាណិជ្ជកម្ម និង សេដ្ឋកិច្ចជាយុទ្ធសាស្ត្រនៅគ្រប់ទិសទីហើយតំបន់អាស៊ាន ឬក៏អាស៊ីអាគ្នេយ៍គឺជាគោលដៅមួយសំខាន់សម្រាប់អង់គ្លេស ហើយទំនាក់ទំនងអង់គ្លេសជាមួយកម្ពុជាមានទាំងទ្វេភាគីផង និងពហុភាគីផងដែលជាទំនាក់ទំនងអាស៊ាន និងអង់គ្លេសដែលប្រទេសនេះចង់ក្លាយជាដៃគូសន្ទនារបស់អាស៊ានដែរ។