Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ហ៊ុន ម៉ាណែត នឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១នៅមណ្ឌលភ្នំពេញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ លោក ហ៊ុន ម៉ាណែត នឹងត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅចុងខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ជាលេខរៀងដែលគេមើលឃើញថា នឹងជាប់ឆ្នោតយ៉ាងរលូន និងក្លាយជាសមាជិកសភាប្រចាំមណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមិនា បានអោយដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍មនៃគណបក្សប្រជាជនកម្ពុជា បានសម្រេចលើបញ្ជីបេក្ខជនឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះ ដោយក្នុងនោះក៏រួមមានឈ្មោះ លោក ហ៊ុន ម៉ាណែតផងដែរ។

ក្នុងបញ្ជីបេក្ខជនតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ មានបេក្ខជនចំនួន ១២រូប សម្រាប់អាសនៈសភាក្នុងមណ្តលរាជធានីភ្នំពេញ ក្នុងនោះលោក ហ៊ុន ម៉ាណែត ស្ថិតក្នុងលេខរៀងទី១ក្នុងបញ្ជីឈ្មោះបេក្ខជន។ដូច្នេះមានន័យថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈសភាទីក្រុងភ្នំពេញណាមួយនៅក្នុងការបោះឆ្នោតសកលខាងមុខនេះ លោក ហ៊ុន ម៉ាណែត នឹងជាប់ឆ្នោតយ៉ាងរលូន ហើយនិងក្លាយជាសមាជិកសភាប្រចាំមណ្ឌលរាជធានីភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា មុនលោក ហ៊ុន ម៉ាណែត ត្រូវបានសម្រេចជាបេក្ខជនលេខរៀងទី១ក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណៈកម្មាធិការអចិន្ត្រៃយ៍មនៃគណបក្សប្រជាជនកម្ពុជាក៏បានអនុម័តសេចក្តីសម្រេចមួយដោយផ្ទេរលោក ហ៊ុន ម៉ាណែត ពីក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ អោយទៅកាន់ក្រុមការងារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញវិញ។

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានអាយុ៤៦ឆ្នាំ ជាអតីតនិស្សិតកម្ពុជាដំបូងគេដែលសិក្សាសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាម៉េរិក ក្រៅពីនេះសញ្ញាបត្រផ្នែកយោធា លោកក៌មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច សាកលវិទ្យាល័យ New York របស់អាម៉េរិក និងបានបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol របស់ប្រទេសអង់គ្លេស នៅឆ្នាំ២០០៨។

ប្រសិនបើលោក ហ៊ុន ម៉ាណែត ជាប់ជាឆ្នោត លោកនឹងក្លាយជាសមាជិកសភាទី២ ក្នុងចំណោមកូនរបស់សម្តេច ហ៊ុន សែន បន្ទាប់ពីប្អូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ានី។បច្ចុប្បន្នលោក ជាឧត្តមសេនីយ មានតំណែងជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក។

បេក្ខជនលេខរៀងទី១ក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គឺជាការទ្រួសត្រាយផ្លូវដ៏ល្អសម្រាប់ឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតរបស់កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលស្របតាមលទ្ធផលរបស់សន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជាបានបន្តគាំទ្រសម្តេច ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រី នីតិកាលទី៧ និង សម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅខែ កក្កដា ឆ្នាំ២០២៣នេះ ខណៈរយៈពេលនៃការឃោសនាបោះឆ្នោតគឺនឹងចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៣ ហើយថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តិនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈសភាទាំងអស់ចំនួន ១២៥ ខណៈគណបក្សផ្សេងទៀតមិនទទួលបានអាសនៈណាមួយឡើយ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង