
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី៣០ មីនានេះ បានប្រកាសគាំទ្រជំហរបស់ប្រធានាធិបតីចិនដែលជំរុញអោយប្រទេសរុស្សីចរចាជាមួយប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកសុខសន្តិភាពនៅក្នុងតំបន់ទាំងមូល។ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលសម្តេចហ៊ុន សែន ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ(NIB)ជាង ៦ពាន់នាក់។
សម្តេច ហ៊ុន សែន បានថ្លែងអំពាវនាវកុំឲ្យប្រជាពលរដ្ឋកម្ពុជាព្រួយបារម្ភពីការដួលរលំនូវធនាគាររបស់អាម៉េរិកដោយសារការខ្សោយធន់ ហើយការដួលរលំនេះ គឺដោយសារតែឥទ្ធិពលសេដ្ឋកិច្ចសកលដែលបង្កឡើងដោយសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។សម្តេច ហ៊ុន សែន បានគាំទ្រជំហរបស់លោក ស៊ី ជីងពីង ប្រធានាធិបតីចិនដែលបានស្នើសុំដែលប្រទេសរុស្សីបើកការចរចាជាមួយប្រទេសអ៊ុយក្រែនស្វែងរកសុខសន្តិភាពដែលជំរុញឲ្យសេដ្ឋកិច្ចសកលអាចដំណើរការល្អឡើងវិញ។
បើតាមសម្តេច ហ៊ុន សែន រុស្សីមិនអាចកំទេចប្រទេសអ៊ុយក្រែនបានទាំងស្រុងនោះទេ ហើយអ៊ុយក្រែនក៏មិនអាចកំទេចប្រទេសរុស្សីបានផងដែរ។សម្តេចសង្ឃឹមថា កិច្ចចរចាស្វែងរកសន្តិភាពនៃប្រទេសទាំងពីរនឹងកើតមាន។