681 ezgif.com resize
Swift cc time

អង្គការភ្លែននឹងធ្វើគម្រោងថ្មីមួយដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា នាថ្ងៃទី២៧ មីនា នឹងប្រកាសពីការចាប់ផ្តើមនៃគម្រោងថ្មី រយៈពេលបីឆ្នាំដែលមានឈ្មោះថា «ដល់ពេលត្រូវធ្វើសកម្មភាព» (Time to Act) ដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យប្រកបដោយសក្តានុពលនៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលនៃភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ គម្រោងថ្មីនេះ ផ្តល់មូលនិធិដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់។

នៅថ្ងៃទី២៧ មីនា ស្អែកនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាមាន នឹងប្រកាសពីការចាប់ផ្តើមនៃគម្រោងថ្មី រយៈពេលបីឆ្នាំដែលមានឈ្មោះថា «ដល់ពេលត្រូវធ្វើសកម្មភាព» (Time to Act)។ សិក្ខាសាលា ចំនួនពីរនឹងធ្វើឡើងនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីគម្រោង និងស្វែងរកកិច្ចសហការពីភាគីពាក់ព័ន្ធ។

គម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព» មានគោលបំណងគាំទ្រ ដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ចំនួន ៦,000 នាក់ ដើម្បីបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យប្រកបដោយសក្តានុពលនៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលនៃភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការបោះបង់ការសិក្សានៅតែជាបញ្ហាដែលបង្អាក់ការអភិវឌ្ឍន៍របស់ក្មេងស្រីជំទង់។ ជាពិសេសកុមារីនៅតំបន់ជនបទ ប្រឈមមុខនឹងហានិភ័យ មិនត្រឹមតែចំពោះសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងមានអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្អែកលើយេនឌ័រ ព្រមទាំងការប្រឈមកាន់តែខ្លាំងឡើងចំពោះការពង្រឹងសេដ្ឋកិច្ចរបស់ពួកគេ។

លោកស្រី គ្វីននេត បានឲ្យដឹងថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាការអនុវត្តដ៏គ្រោះថ្នាក់ និងជាបញ្ហាសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្មេងស្រី។ ក្មេង​ស្រី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន​បំផុត ​មក​ពី​គ្រួសារ​ក្រីក្រ ជាក្រុម​ជនងាយ​រង​គ្រោះ និងរស់នៅតាម​តំបន់​ជនបទ។ អាពាហ៍ពិពាហ៍​កុមារ​ជា​ញឹកញាប់​នាំ​ឱ្យ​មាន​ផល​វិបាក​អវិជ្ជមាន​ធ្ងន់ធ្ងរ ដោយ​បដិសេធ​កុមារី​រាប់​លាន​នាក់ជុំវិញ​ពិភពលោក​នូវ​ឱកាស​ដើម្បី​បំពេញ​សក្តានុពល​របស់​ពួកគេ​ »។

«ដល់ពេលត្រូវធ្វើសកម្មភាព» គឺជាផ្នែកមួយនៃកម្មវិធីរៀនពេញមួយជីវិត និងកម្មវិធីកិច្ចការពារជំនាន់ថ្មី ដែលជាកម្មវិធីសំខាន់ចំនួន ២ក្នុងចំណោមកម្មវិធីសំខាន់ៗចំនួន ៤របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ជាមួយនឹងចក្ខុវិស័យក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្ត ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីចំនួន ២,៥ លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអប់រំ ការការពារកុមារ សុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិ (SRHR) ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសមភាពយេនឌ័រ។

បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រទេសកម្ពុជា(ខែតុលា ឆ្នាំ២០២០) អត្រាអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងខេត្តរតនគិរី មានប្រមាណ ៤៨% មុនអាយុ ១៨ ឆ្នាំ (៨% មុនអាយុ ១៥ ឆ្នាំ) និង ២៥% មុនអាយុ១៨ឆ្នាំ នៅខេត្តស្ទឹងត្រែង៕

Khcct banner

អត្ថបទទាក់ទង