ភ្នំពេញ៖ កាលពីឆ្នាំ២០២២កន្លងទៅនេះ រោងចក្រកាត់ដេរបានបិទទ្វារចំនួន៨៣រោងចក្រ ប៉ុន្តែកើតមកវិញចំនួន១៤៦រោងចក្រ មានន័យថាតាមពិតរោងចក្រមិនបានបិទទ្វារទេ គឺរោងចក្រគ្រាន់តែចង់បញ្ចប់ការងារចាស់ដោយការបិទទ្វាររោងក្រ ហើយបង្កើតរោងចក្រថ្មីដើម្បីទទួលបាននូវការលើកទឹកចិត្តពីរាជរដ្ឋាភិបាលតាមរយៈការអនុវត្តច្បាប់វិនិយោគថ្មីដែលជំរុញឱ្យអ្នកវិនិយោគកាន់តែសប្បាយចិត្តក្នុងការព្យាយាមផលិតនិងជំរុញវិស័យកាត់ដេរឱ្យកាន់តែដំណើរការ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានប្រាប់ស៊ីស៊ីថាមស៍។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ រដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយច្បាប់វិនិយោគថ្មី ដែលកាន់តែជំរុញឱ្យមានការទាក់ទាញការវិនិយោគបន្ថែមទៀត ហើយក្នុងឆ្នាំ២០២២នវ រោងចក្រកាត់ដេរបានបិទទ្វារចំនួន៨៣រោងចក្រប៉ុន្តែកើតមកវិញចំនួន៤៦រោងចក្រ មានន័យថាតាមពិតរោងចក្រមិនបានបិទទ្វារទេ គឺរោងចក្រគ្រាន់តែបិទទ្វារដើម្បីបញ្ចប់ការងារចាស់ ហើយបង្កើតរោងចក្រថ្មីដើម្បីទទួលបាននូវការលើកទឹកចិត្តពីរាជរដ្ឋាភិបាលតាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី។ ក្នុងករណីនេះ មិនមែនមានន័យថាកម្ពុជាជួបវិបិត្តនៅក្នុងវិស័យកាត់ដេរទេ គឺគ្រាន់តែជាយន្តការមួយដើម្បីទទួលបានលាបសក្ការៈពីច្បាប់វិនិយោគថ្មីដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគ ហើយជំរុញឱ្យអ្នកវិនិយោគកាន់តែសប្បាយចិត្តក្នុងការព្យាយាមផលិតនិងជំរុញវិស័យកាត់ដេរឱ្យកាន់តែដំណើរការ។
លោកបណ្ឌិរបន្ថែមថា ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ រោងចក្រកាត់ដេរមួយចំនួននៅកម្ពុជាក៏បានប្រឈមនឹងការខ្វះខាតការបញ្ជាទិញ ហើយបញ្ហានេះគឺកើតឡើងដោយសារវិបត្តិសេដ្ឋកិច្ចសកល ក៏ប៉ុន្តែបើក្រឡេកមើលចំនួនរោងចក្រនៅក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងសរុបជាងបីពាន់រោងចក្រ ខណៈរោងចក្របិទមានតែជិតប្រាំរយរោងចក្រតែប៉ុណ្ណោះ។ និយាយជារួមវិស័យកាត់ដេរកម្ពុជាមិនសូវជួបបញ្ហាប្រឈមខ្លាំងទេ បើទោះជាវិបត្តិកូវីដនៅតែមិនមានភាពច្បាស់លាស់ រួមផ្សំនឹងសង្គ្រាមរុស្សី-អ៊ុយក្រែន និងបញ្ហានៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែមានឱកាសជំរុញផលិតកម្មក្នុងវិស័យកាត់ដេរ។
លោកបណ្ឌិតបញ្ជាក់ថា រោងចក្រដែលបានបិទទ្វារមួយចំនួននោះ អាចដោយសារតែការកាត់បន្ថយកម្មករដែលមានវ័យចាស់ចាប់ពី៣៥ឆ្នាំឡើងទៅ ព្រោះជាវ័យដែលមានកម្លាំងពលកម្មទាប ធ្លាក់ចុះនៃផលិតភាព គួបផ្សំនឹងការឡើងប្រាក់ឈ្នួលពលកម្ម ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់រោងចក្រទាំងមូល ហើយបង្ខំចិត្តរំសាយកម្មករមួយចំនួន។ ដូចនេះ កត្តាសំខាន់ៗដែលបានធ្វើឱ្យរោងចក្របិទទ្វារមានដូចជា៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន សេដ្ឋកិច្ចសកលលោកធ្លាក់ចុះ ការធ្លាក់ចុះនៃផលិតភាពកម្មករ និងការឡើងប្រាក់ឈ្នួលពលកម្មអប្បបរមា។
បើក្រឡេកមើលបណ្ដាប្រទេសកាត់ដេរមួយចំនួនទៀតដូចជា វៀតណាម ចិន បង់ក្លាដេស ប្រទេសទាំងនេះបានជួបញ្ហាលំបាកជាងកម្ពុជាទៅទៀត ជាពិសេសប្រទេសវៀតណាម និងចិន ព្រោះប្រទេសទាំងនេះត្រូវបានបិទខ្ទប់ទាំងស្រុងដែលបណ្ដាឱ្យសមត្ថភាពផលិតរបស់រោងចក្រនីមួយៗមានភាពធ្លាក់ចុះយ៉ាងខ្លាំង ហើយនោះជាឱកាសម្រាប់កម្ពុជាក្នុងការនាំចេញឱ្យបានកាន់តែច្រើន ដែលត្រូវបានពិភពលោកចាត់ទុកថាវិស័យកាត់ដេរនៅកម្ពុជាគឺជាវិស័យដែលមាននភាពធន់នឹងវិបតិ្តកូវីដ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅនេះ រោងចក្របិទសរុបចំនួន ៤៩១ (ស្មើនឹងកម្មករនិយោជិតសរុបប្រមាណ ៥,៩ ម៉ឺននាក់) និងរោងចក្រសហគ្រាសព្យួរការងារមានចំនួន ១០២។ ទន្ទឹមនឹងនេះ រោងចក្រសហគ្រាសបើកថ្មីសរុបចំនួន ៣ ៧៤៨ (ស្មើនឹងកម្មករនិយោជិតសរុបប្រមាណ ១៤,៧ ម៉ឺននាក់) ដែលនាំឱ្យចំនួនរោងចក្រសហគ្រាសកើនឡើងសរុប ៣ ២៥៧ (ស្មើនឹងកម្មករនិយោជិតសរុប ៨,៨ ម៉ឺននាក់) បន្ថែម៕