Yearendyearend1140x150

ការដឹកជញ្ជូនកម្ពុជានាដើមឆ្នាំ២០២៣នេះពុំទាន់មានសញ្ញាល្អនៅឡើយទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា 

ភ្នំពេញ៖ បើទោះជាស្ថានភាពកូវីដ-១៩នៅកម្ពុជានិងនៅសកលលលោកទាំងមូលហាក់មានសភាពធូរស្រាលជាងមុនក្ដី ប៉ុន្តែស្ថានភាពដឹកជញ្ជូនរបស់កម្ពុជានៅពុំទាន់មានសញ្ញាល្អឡើងវិញដែរ ព្រោះសកលលោកទាំងមូលកំពុងជួបវិបត្តិសេដ្ឋកិច្ចដែលបង្កដោយការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ការឡើងខ្ពស់នៃតម្លៃប្រេងសាំងជាដើម។ នេះជាការលើកឡើងរបស់លោក ស៊ីន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោក ស៊ីន ចន្ធី បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា វិស័យដឹកជញ្ជូននៅកម្ពុជាក៏ដូចជាដៃគូពាណិជ្ជកម្មកម្ពុជានៅជុំវិញពិភពលោក តែងតែជួបប្រទះបញ្ហាប្រឈមមួយចំនួនចាត់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ ហើយមកទល់ពេលនេះវិស័យដឹកជញ្ជូនកម្ពុជានៅតែរងផលប៉ះទង្គិចបន្តិចបន្តួចបន្តួចពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលជាផ្នែកមួយធ្វើឱ្យតម្លៃសាំងឡើងថ្លៃ និងបញ្ហាកង្វះទូកុងតឺន័រ និងការឡើងថ្លៃខ្ពស់ហួសហេតុចំពោះការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងទ្វីបជាដើម។

លោកបន្តថា បើទោះជាមានផលប៉ះពាល់យ៉ាងណាក៏ដោយក៏វិស័យដឹកជញ្ជូននៅកម្ពុជានៅតែរក្សាដំណើរការបានដដែរ ហើយការនាំចេញរបស់កម្ពុជានាពេលបច្ចុប្បន្ននេះក៏មិនមានការកកស្ទះដែរ។ ទាក់ទងនឹងបញ្ហាតម្លៃសាំងឡើងថ្លៃគឺមិនមែនជាឧបសគ្គធំដែលអាចបង្អាក់ការដឹកជញ្ជូននៅកម្ពុជាបានទេ ហើយតម្លៃដឹកជញ្ជូនក្នុងស្រុកក៏មិនបានឡើងថ្លៃដែរ គឺរក្សាតម្លៃដដែល។

លោកបញ្ជាក់ថា ជារួមវិស័យដឹកជញ្ជូននៅកម្ពុជាគឺមានដំណើរការធម្មតា ហើយនៅតាមព្រំដែននីមួយៗដូចជាព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ក៏មិនមានការកកស្ទះការដឹកជញ្ជូនទំនិញដែរ ប៉ុន្តែគ្រាន់តែមានការពង្រឹងការរិតត្បិតជាងមុនក្នុងការត្រួតពិនិត្យអនាម័យ ដើម្បីការពារពីបញ្ហាផ្សេងៗ។

ចំពោះការដឹកជញ្ជូននៅតាមកំពង់ផែនីមួយៗរបស់កម្ពុជាដូចជា កំពង់ផែសមុទ្រ និងកំពង់ផែទឹកសាប មិនមានបញ្ហាកកស្ទះអ្វីដែរ ជារួមគឺមានដំណើរការប្រព្រឹត្តទៅធម្មតា ហើយមកទល់ពេលនេះក៏ពុំទាន់មានវិធានការណ៍បន្ថែមទៀតដែរ។ រីឯកំពុងផែនៅលើពិភពលោកដែលកម្ពុជាត្រូវនាំទៅទំនិញទៅ បើទោះបីជាមានកកស្ទះក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះហាក់បីដូចជាមានសកម្មភាពប្រសើរជាងមុនបន្តិច។ នេះជាការលើកឡើងរបស់ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង