
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៨ កុម្ភៈនេះ បានប្រកាសជាសាធារណៈមិនទទួលយកការសុំទោសចំពោះលិខិតសុំទោសរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចំពោះការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ការបដិសេធនេះ ក្រោយសម្តេច ហ៊ុន សែន ធ្លាប់បានទទួលយកការសុំទោសច្រើនដងពីក្រុមប្រឆាំង តែការអនុវត្តវប្បធម៌លាបពណ៌មកលើសម្តេចនៅតែកើតមានដដែលជាដដែល។
សម្តេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល»។
បើតាមសម្តេច ហ៊ុន សែន កន្លងទៅការសុំទោសរបស់ លោក សម រង្ស៉ី សម្តេចធ្លាប់បានលើកលែងទោសឱ្យនាពេលកន្លងទៅ ប៉ុន្តែទីបំផុត មេក្រុមប្រឆាំងក្រៅច្បាប់នេះ នៅតែអនុវត្តវប្បធម៌លាបពណ៌របស់ខ្លួនដដែលជាដដែល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុន ឆ័យ បានសរសេរលិខិតមួយ ផ្ញើជូន សម្តេច ហ៊ុន សែន ដើម្បី សុំទោស ចំពោះអ្វីដែលលោកបានលើកឡើងកន្លងទៅ ពាក់ព័ន្ធនឹងបញ្ហាលួចសន្លឹកឆ្នោត។ក្នុងលិខិតនោះ លោក សុន ឆ័យ បានអះអាងថា ខ្លួនមិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។
បច្ចុប្បន្នលោក សុន ឆ័យកំពុងប្រឈមនឹងសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។ ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ៕