Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជារំពឹងខ្ពស់លើការនាំចេញទំនិញ«កសិកម្ម»ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង ប្រទេសអេមីរ៉ាតអារ៉ាប់រួម គ្រោងនឹងចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយគ្នាក្នុងពេលឆាប់ៗនេះ ក្រោយពីភាគីទាំងពីរបានបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី៣លើកការងារបច្ចេកទេសមួយចំនួនធំ។កិច្ចព្រមព្រៀងថ្មីជាមួយអេមីរ៉ាតអារ៉ាប់រួមនេះ រាជរដ្ឋាភិបាលកម្ពុជា មានក្តីរំពឹងថា ការនាំចេញទំនិញកសិកម្ម និងធនធានធម្មជាតិកម្រ ទៅកាន់ទីផ្សារអារ៉ាប់រួម។

លោក ប៉ែន សុជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា កន្លងទៅនេះក្រុមការងារនៃក្រសួងពាណិជ្ជកម្មកម្ពុជា និង តំណាងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានជួបជជែកគ្នា៣លើកមកហើយជុំវិញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាជាផ្លូវការក្នុងពេលឆាប់ៗនេះ។

បើតាម លោក ប៉ែន សុជាតិ តាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយអារ៉ាប់រួមពេលនេះ កម្ពុជាគ្រោងនឹងជំរុញការនាំចេញនូវទំនិញរបស់ខ្លួនបន្ថែមទៀត ជាពិសេស ទំនិញកសិកម្ម ទៅកាន់ទីផ្សារកសិកម្មនៅប្រទេសអារ៉ាប់រួម ហើយក្តីរំពឹងនេះ មិនមែនសម្រាប់តែទីផ្សារនៅក្នុងប្រទេសអារ៉ាប់រួមប៉ុណ្ណោះទេ គឺរួមទាំងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតដែលនៅជិតខាង។

លោក ប៉ែន សុជាតិ បន្ដថា តំបន់មជ្ឈឹមបូព៌ាក៏ជាផ្នែកមួយនៅក្នុងទីផ្សារថ្មីរបស់កម្ពុជា។ ហើយប្រទេសកម្ពុជា ជាប្រទេសផលិតស្បៀងដែលមិនខ្វះខាតស្បៀង និង មានស្បៀងសម្រាប់លក់ ដូច្នេះកម្ពុជានឹងជំរុញការនាំចេញទំនិញដូចជា អង្ករ បន្លែ ផ្លែឈើ សណ្ដែក ពោត គ្រាប់ធញ្ញជាតិ កៅស៊ូ និងធនធានធម្មជាតិកម្រ ខ្លឹមចន្ទន៍ អោយបានទៅដល់ទីផ្សារអារ៉ាប់រួម ដែលជាកន្លែងត្រូវការការផលិត និងមានការកែច្នៃ។

បច្ចុប្បន្នប្រទេសអារ៉ាប់ បាននឹងកំពុងនាំចូលអង្ករពីប្រទេសកម្ពុជា ឥណ្ឌា និងប្រទេសថៃ ព្រោះនៅក្នុងប្រទេសអារ៉ាប់ មិនមែនមានតែប្រជាពលរដ្ឋអារ៉ាប់នោះទេដែលបរិភោគអង្ករទាំងអស់នោះ ព្រោះមានជនចំណូលស្រុកក៏គេត្រូវការបរិភោគដែរ ព្រោះជនជាតិជាតិដើមមានចំនួនតិច តែជនចំណូលស្រុកមានចំនួនច្រើន។ ដូច្នេះកម្ពុជា នឹងប្រើប្រាស់លក្ខខណ្ឌអំណោយផលនេះ ដើម្បីអោយអង្ករ និងស្បៀងរបស់កម្ពុជាត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ទូលំទូលាយ នៅក្នុងបណ្ដាប្រទេសអារ៉ាប់ទាំងអស់។នេះបើយោងតាមការបញ្ជាក់បន្ថែមពីលោក ប៉ែន សុជាតិ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអារ៉ាប់រួម បានកើនឡើងជាបន្តបន្ទាប់ដោយ ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញទៅប្រទេសអារ៉ាប់រួមក្នុងទំហំទឹកប្រាក់ ១៦០ លានដុល្លារអាម៉េរិក និង នាំចូល ១០៦ លានដុល្លារអាម៉េរិក។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មសរុបមានចំនួន ៣០៧ លានដុល្លារអាម៉េរិក ដោយនាំចេញ ១៩៥ លានដុល្លារអាម៉េរិក និង នាំចូល ១១២ លានដុល្លារអាម៉េរិក។ ប្រទេសទាំងពីរសម្រេចបាន ៤០០ លានដុល្លារអាម៉េរិក នៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង