
ថៃ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៣កុម្ភៈបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ ក្នុងអំឡុងពេលដែលលោករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ រយៈពេល០២ថ្ងៃ។
បើតាមក្រសួងការបរទេសបានឲ្យដឹងថា លោក ប្រាក់ សុខុន បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ។

មុនពេលជួបនាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ដដែលនោះ លោក ប្រាក់ សុខុន ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីថៃគឺ លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ។ បន្ទាប់ពីជំនួប លោក រដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រើប្រាស់សាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
សូមជម្រាបថា មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» នេះបើតាមក្រសួងការបរទេសថៃ៕
