Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន អរគុណតារាចម្រៀងជប៉ុន និពន្ធចម្រៀងឆ្លុះពីតថភាពកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោកស្រី មិណាមិណុ យ៉ូកុ តារាចម្រៀងរបស់ជប៉ុន ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន នៅថ្ងៃទី២៣កុម្ភៈនេះ។ ក្នុងឳកាសនោះ សម្តេច បានថ្លែងអំណរគុណជូនចំពោះលោកស្រី មីណាមីណូ ដែលបាននិពន្ធ និងសំដែងនូវបទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជា ពីអតីតកាល។

ដោយឡែក លោកស្រី មីណាមីណុ បានជម្រាបជូនសម្ដេច អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលសន្តានដោយចិត្តដ៏ប្រពៃរបស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដីជាទីបំផុត ដែលធ្វើឲ្យបេះដូងរបស់លោកស្រី ដក់ជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់។


ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី មីណាមីណូ បានជម្រាបជូនសម្ដេចតេជោថា លោកស្រី នឹងទៅជួបកុមារ៉ា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី នឹងប្រឹងប្រែងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត។

សូមជម្រាបថា លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ ចំពោះអត្ថបទបទចំរៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី ៧០នេះ។ 

ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់-ទទួលបទចំរៀងនេះ កាលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង ៣០ម៉ឺនដង ក្នុងហ្វេសបុករបស់សម្តេចតេជោ និងស្ថានទូតជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង