ភ្នំពេញ៖ ការចោលសំណល់ប្លាស្ទិកទៅក្នុងបឹងទន្លេសាប និងទន្លេមេគង្គ បានធ្វើឱ្យប៉ះពាល់ទៅដល់ជីវៈចម្រុះ។ ដូច្នេះក្រសួងបរិស្ថានបានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី ក្នុងការអនុវត្តគម្រោងមួយមានឈ្មោះថា«ប្លាស្ទិកដូរអង្ករ»។ គម្រោងនេះត្រូវបានដាក់អនុវត្តនៅក្នុងសហគមន៍កំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប ខេត្តសៀមរាប ហើយក៏ទទួលបានជោគជ័យ ផងដែរ។
ឯកឧត្ដម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នបឹងទន្លេសាប និងទន្លេមេគង្គ ទទួលរងនូវការបំពុលពីសំណល់ប្លាស្ទិក សោយសារតែការប្រើប្រាស់នៅតាមសហគមន៍ បានចោលសំណល់ប្លាស្ទិកទាំងនោះទៅក្នុងទន្លេ។ ជំនួសអោយការដុតចោល ប្រជាពលរដ្ឋបានទុកចោលសំណល់ប្លាស្ទិក ជាពិសេសនៅតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប។ ហើយនៅក្នុងរដូវភ្លៀង នៅពេលមានទឹកជំនន់មកវានាំសំណល់ប្លាស្ទិកចូលទៅក្នុងទន្លេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ដថា តាមការសិក្សាពាក់ព័ន្ធនិងការបំពុលដោយប្លាស្ទិក ក្រសួងបានរកដំណោះស្រាយ និងដាក់ចុះនូវដំណោះស្រាយផ្សេងៗ ដើម្បីជួយការពារបឹងទន្លេសាប។ នៅក្នុងនោះក៏មានការលើឡើងនូវការអនុវត្តគម្រោងអច្ឆរិយទន្លេមេគង្គ ដែលធ្វើការងារជាមួយមន្ទីរបរិស្ថាន និងអង្គការដៃគូរ ដើម្បីសម្អាតប្លាស្ទិកនៅក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។
ឯកឧត្ដម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធី ប្លាស្ទិកដូរអង្ករ មូលនិធិអង្គការទំពាំងស្នងឬស្សីនៅក្នុងខេត្តសៀមរាប បានអនុវត្តដោយជោគជ័យនៅតាមសហគមន៍ផ្ទះបណ្ដែតទឹកមួយចំនួន។ ហើយភាពជោគជ័យទាំងនោះ នាំអោយមានការទប់ស្កាត់បាននូវប្លាស្ទិកហូរចូលទៅក្នុងបឹងទន្លេសាប ក៏ដូចជានៅតាមព្រែក និងស្ទឹងផ្សេងៗទៀត ដែលហូរចូលទៅក្នុងបឹងទន្លេសាប។
ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹក ជាពិសេសនៅក្នុងខេត្តសៀមរាប ដោយឱ្យប្រជាពលរដ្ឋរក្សានូវសម្រាម ដែលពួកគេប្រើប្រាស់ទាំងប្លាស្ទិកនៅក្នុងផ្ទះ និងការប្រមូលពីបរិស្ថានជុំវិញ និងមិនបោះចោលទៅក្នុងបឹងទន្លេសាប ពួកគេនឹងទទួលបាននូវអង្ករ១០គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី ខ្ទឹម និង ប៊ីចេង ជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថានកំពុងជំរុញឱ្យមានការអនុវត្តគម្រោងនេះ នៅតាមបណ្ដាខេត្តទាំង៦ ដែលនៅជុំវិញបឹងទន្លេសាប។ ជាមួយការអនុវត្តនូវគោលការណ៍អង្ករដូរប្លាស្ទិកនេះ ក្រសួងបរិស្ថាន ក៏គ្រោងរៀបចំជាទេសចរណ៍ធម្មជាតិ ដោយនៅតាមផ្ទះបណ្ដែតទឹកក្រសួងជំរុញឱ្យប្រជាហគមន៍ធ្វើជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ ដែលទៅទស្សនានៅកន្លែងនោះ ហើយបង្កើតជាសកម្មភាពមួយដែលចូលរួមសម្អាតប្លាស្ទិកនៅតំបន់ដែលពួកគេរស់នៅ៕