
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈ បានប្រកាសបញ្ជាឱ្យក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ពិនិត្យរៀបចំពាក្យបណ្តឹងប្តឹងកាសែត VOD ពាក់ព័ន្ធចុះផ្សាយចោទលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួរគីចំនួន១០ម៉ឺនដុល្លារ។ប៉ុន្តែលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា)យល់ រដ្ឋាភិបាលគួរតែប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីពិនិត្យលើករណីនេះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានប្រកាសទុករយៈពេល៧២ម៉ោងដល់សារព័ត៌មានVOD ដើម្បីសុំទោសរាជរដ្ឋាភិបាលកម្ពុជា និង លោកហ៊ុន ម៉ាណែត ដោយសម្តេចយល់ថា ការចុះផ្សាយរបស់សារព័ត៌មាននេះជា ការមួលបង្កាច់ដោយចេតនា និង នាំឱ្យប៉ះពាល់ដល់ការគ្រប់គ្រងថវិកាជាតិទាំងមូល។
សម្តេច ហ៊ុន សែន បានពន្យល់ថា ការគ្រប់គ្រងថវិកាជាតិ និយាយជារួម និង និយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។ច្បាប់ និង ការអនុវត្តនៅកម្ពុជា គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលមានសិទ្ធិបញ្ជាចំណាយ ក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ចំណែករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។
ទាក់ទងនឹងជំនួយទៅប្រទេសទួរគី សម្តេច ហ៊ុន សែន អះអាងថា ជាយោបល់របស់រដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ហើយសម្តេចបានបញ្ជាប្រកាស១០ ម៉ឺនដុល្លារ ហើយសំណើរនេះត្រូវបានបញ្ជូនលោក អូន ពន្ធមុនីរ័ត្ន។ករណីនេះ សម្តេច ហ៊ុន សែន ទុកពេលឲ្យសារព័ត៌មានVOD ចំនួន៧២ម៉ោង ដើម្បីសុំទោសរាជរដ្ឋាភិបាលផង និង សុំទោសហ៊ុនម៉ាណែតផង។
ជាមួយគ្នានោះ សម្តេចបានចេញបញ្ជាដល់ក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ហើយលោក គី តិចប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការ ក្នុងករណីមិនព្រមសុំទោស។សម្រាប់សម្តេច ហ៊ុន សែន រដ្ឋាភិបាលមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និង ត្រឹមត្រូវនោះឡើយ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមរបស់លោកកំពុងពិនិត្យពីករណីនេះ ហើយលោកយល់ថា រដ្ឋាភិបាលគួរតែប្រើប្រាស់ច្បាប់ ស្តីពីរបបសារព័ត៌មាន ដើម្បីពិនិត្យជៀសវាងប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មាន។ដូច្នេះលោកនៅតែទទូចដល់រាជរដ្ឋាភិបាល សូមប្រើប្រាស់ច្បាប់ ស្តីពីរបបសារព័ត៌មាន ដែលមានស្រាប៕