Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សហព័ន្ធស្រូវអង្ករកំណត់យកគោលដៅនាំចេញអង្ករចំនួន៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញពិថែនការសកម្មភាពដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥ ក្នុងនោះសហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣នេះតទៅ។ នេះបើតាមការគូសបញ្ជាក់ដោយឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាឱកាសពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានធ្វើការរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី នូវផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជាសម្រាប់អាណត្តិទី៤ សំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ សហព័ន្ធមានផែនការបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ នេះតទៅ ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។

ប្រធានសហព័ន្ធរូបនេះបន្តថា សហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលី ជាដើម។

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង