Yearendyearend1140x150

អតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមាន«អាជ្ញាបណ្ណ»នឹងត្រូវការពារដោយច្បាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រជាពលរដ្ឋ ឬអតិថិជនដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា នឹងត្រូវបានការពារដោយច្បាប់ ព្រោះគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាការលើកឡើងរបស់លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី "ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនិងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ" នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សន្និសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញចូលរួមពី លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា និងលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលធ្វើឡើងនៅទីស្នាក់ការសមាគមធនាគារនៅកម្ពុជា។ សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកផ្តល់កម្ចីក្រៅផ្លូវការ និងបញ្ចៀសរាល់សកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។

នាឱកាសនេះ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ, ធនាគារឯកទេស, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់, និងគ្រឹះស្ថានឥណទានជនបទ។

លោកបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ៣៤ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្ដូរប្រាក់ ២.៨៦៩។ នៅឆ្នាំ២០២២នេះ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនពី ១២,៧លាន ដល់ ១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លាន ដល់ ៣,៧លានគណនី។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេល ប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ត្រូវរាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជាតាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង