Cctimesw1140xh150cm copy

សម្តេចហ៊ុន សែន ព្រមានចាត់វិធានការក្តៅចំពោះមេឃុំ-ចៅសង្គាត់ដែលកិបកេងលុយឧបត្ថម្ភពលរដ្ឋក្រីក្រ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន នៅថ្ងៃទី៣០ មិថុនានេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យរើសពលរដ្ឋក្រីក្រពិតប្រាកដ ចៀសវាងដាក់តែបងប្អូនសាច់ញាត្តិឯង ដើម្បីបានប្រាក់ឧបត្ថម្ភនេះ។ប្រសិនបើមានសម្តេចនឹងចាត់វិធានការក្តៅចំពោះមនុស្សមូលដ្ឋានទាំងអស់នោះ។

តាមរយៈទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់សាច់ប្រាក់ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ហើយដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្ដេចបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត។

សម្តេចបានព្រមានទុកជាមុនថា ត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។សម្តេចនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ មិថុនា បានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ និង ងាយរងគ្រោះដោយកូវីដ១៩។លក្ខខណ្ឌទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងដែលបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះនៅតាមសាលាឃុំ/សង្កាត់រួចរាល់។

ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារដែលមាន ប័ណ្ណសមធម៌ ប្រភេទ១ និងប្រភេទ២ ទាំងកម្រិត១និងកម្រិត២ ចំនួន ១២ ម៉ឺន រៀលក្នុង មួយ ខែ ខណៈសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបានពី៣៦០០០រៀលទៅដល់ ៥២០០០ រៀល ។ បន្ថែមលើនេះ កុមារដែលមានអាយុពី០-៥ឆ្នាំ, ជនមានពិការភាព, មនុស្សចាស់អាយុ ចាប់ពី៦០ឆ្នាំឡើងទៅ និងគ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ក៏ជាប្រភេទ មុខ សញ្ញាក្រុមជនគោលដៅដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ១៦០០០ រៀល ឬពី ២៤០០០រៀល ទៅដល់៤០០០០រៀល នៅក្នុងម្នាក់ៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង