Cctime 6monthsfree desktop
Cc times  web banner kh (2)

ការបាត់បង់«តំបន់ដីសើម»កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ តំបន់ដីសើមបឹងទន្លេសាប ដែលស្ថិតក្នុងខេត្តទាំង៦ បានរងនូវការទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើមដ៏មានសារៈសំខាន់នេះ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ដីសើមសម្រាប់ធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងការអភិវឌ្ឍន៍ផ្សេងៗ ក៏បង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមផងដែរ។

ថ្លែងក្នុងទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៣ នាថ្ងៃទី០២ មករា ឯកឧត្តម ស្រ៊ុន ដារិទិ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នាពេលថ្មីៗនេះ តំបន់ដីសើមបឹងទន្លេសាប ដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តទាំង៦ រួមទាំងខេត្តបាត់ដំបង បានរងនូវការទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើមដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម ស្រ៊ុន ដារិទិ្ធ បន្តទៀតថា ការបាត់បង់តំបន់ដីសើម តាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែតំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព្វ ការលុប ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅដ្ឋាន និងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។

ដោយមើលឃើញគុណតម្លៃ និងបញ្ហាប្រឈមដែលកំពុងកើតមាន នៅក្នុងតំបន់ដីសើមបឹងទន្លេសាបយើងនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុសាសន៍ណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការបន្ទាន់ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ដោយបានដកហូតយកមកវិញនូវផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ក្នុងតំបន់៣ កែសម្រួលព្រំប្រទល់តំបន់២ និងស្តារតំបន់ដែលទទួលរង ការទន្រ្ទានទាំងនោះ តាមរយៈការដាំស្តារព្រៃលិចទឹកឡើងវិញ និងថែរក្សាដំណុះព្រៃលិចទឹកថ្មី។

គួរបញ្ជាក់ថា ការប្រារព្ធទិវាតំបន់ដីសើមនាពេលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើម និងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់សាធារណជន ប្រជាសហគមន៍ យុវជន និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង