Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ចាត់ទុកការលើកកម្ពស់ជីវភាពប្រជាសហគមន៍ជាការងារចម្បង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ ការងារលើកកម្ពស់ជីវភាពប្រជាសហគមន៍ គឺជាការងារចម្បងនិងអាទិភាព ដែលក្រសួងត្រូវតែធ្វើដោយមិនអាចខកខានបាន។ នេះបើតាមប្រសាសន៍លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី០១ កុម្ភៈ ម្សិលមិញ។

នាពេលកន្លងមកក្រសួងបរិស្ថាន បានសហការជាមួយនិងសាលាបណ្តុះបណ្តាលពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ ក៏ដូចជាពេទ្យសត្វរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូ និងពេទ្យសត្វ ដល់ប្រជាសហគមន៍ ដើម្បីជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចប្រកបរបរនៅក្នុងសហគមន៍ រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារផងដែរ។

ក្រសួងបរិស្ថាន ក្រោមគម្រោងពិព័រណ៍សហគមន៍ បានបង្កើតឲ្យមាន កិច្ចសហការជាមួយនិងក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានបែងចែកចេញជា២ផ្នែក ក្នុងនោះមាន មគ្គុទេសក៍ បដិសណ្ឋាការកិច្ច ការស្វាគមន៍ ក៏ដូចជាការការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរណ៍ និងទី២គឺផ្នែកចុងភៅ ដែលមានគ្រូឧទ្ទេសពីខាងក្រសួងទេសចរណ៍។

លោកជំទាវ ម៉ុម ថានី បានលើកឡើងថា ការងារលើកកម្ពស់ជីវភាពប្រជាសហគមន៍ គឺជាការងារចម្បងនិងអាទិភាព ដែលក្រសួងត្រូវតែធ្វើ ដោយមិនអាចខនខានបាន។ បន្ថែមពីនេះ ប្រជាសហគមន៍ មានតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកការពារ គ្រប់គ្រងធនធានធម្មជាតិ ទើបគម្រោងត្រូវផ្តល់ជម្រើសមុខរបរ និងជំនាញដល់ពួកគាត់ ដើម្បីឱ្យគាត់អាចចូលរួមធ្វើការងារនេះប្រកបដោយភាពជោគជ័យ។ គោលបំណងគម្រោងពិព៍រណ៍សហគមន៍ គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍ឲ្យ បានល្អប្រសើរជាងមុន តាមរយៈផ្តល់ជូននូវជម្រើសមុខរបរ បន្ថែមទៀតក្រៅពីអ្វី ដែលធ្លាប់ប្រមូលផល អាស្រ័យផល លើធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ ។

គួរបញ្ជាក់ថា តាមរយៈគម្រោងពិព័រណ៍សហគមន៍ ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន ប្រជាសហគមន៍នៅក្នុង តំបន់ការពារធម្មជាតិ ចំនួន១៧នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវការជំនាញចំនួន៩ ក្នុងនោះមានជំនាញទេសចរណ៍បដិសណ្ឋារកិច្ច ជំនាញកសិកម្ម ការចិញ្ចឹមសត្វ ដាំដុះ និងមានជំនាញសំអាង ភ្លេងខ្មែរ ក៏ដូចជាជុសជុលម៉ូតូ ឡាន និងមានជំនាញជាច្រើនទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង