ភ្នំពេញ៖ បំណែករូបរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាក្សត្រល្បីល្បាយរបស់កម្ពុជានាសម័យអង្គ នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ក្រុមការងាររោងជាង និង អភិរក្សថ្ម និង សាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីរមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។ការតភ្ជាប់នេះ គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាពជាតិកម្ពុជា។
យោងតាមការចុះផ្សាយរបស់សារមន្ទីរជាតិកម្ពុជា បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣នេះ ក្រុមការងាររោងជាង ក្រុមអភិរក្សថ្ម និង សាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីររបស់ព្រះបាទជ័យវរ្ម័នទី៧មកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។
បើតាមសារមន្ទីរជាតិកម្ពុជា ការតភ្ជាប់នេះ ធ្វើឡើងគោលបំណងនៃការអភិរក្ស និង ជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព ជាពិសេសជា ការរំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារមាតុប្រទេសកម្ពុជាពីបុរាណកាលមក។
គួរបញ្ជាក់ថា បំណែករូបព្រះបាទជ័យវម៌្មទី៧នេះ ត្រូវបានរកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និង ផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និង អភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។
បំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
នៅឆ្នាំ២០១៩ ក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់ហើយបានបង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវម៌្មទី៧ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។ក្រោយមកសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់៕
រូបភាព៖សារមន្ទីរជាតិកម្ពុជា