ភ្នំពេញ៖ ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នៅក្នុងសារលិខិតនោះបានសរសេរថា សម្តេចស្នើឱ្យអជ្ញាធរទាំងអស់កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
ក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្តេចបានស្នើឱ្យអជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តផែនការភូមិ«ស»គ្មានគ្រឿងញៀនឱ្យបានទូលំទូលាយ ដើម្បីធ្វើជាមូលដ្ឋានបន្ថែមទៀត ក្នុងការស្រាវជ្រាវនិងប្រមូលព័ត៌មានដែលអាចឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់ការប៉ុនប៉ងចរាចរគ្រឿងញៀនខុសច្បាប់ពីខាងក្រៅ និងឈានទៅលុបបំបាត់រាល់សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទៃប្រទេស។
សម្តេចបានបញ្ជាឱ្យអជ្ញាធរក៏ត្រូវការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន«បីកុំ មួយរាយការណ៍»ដែលក្នុងនោះរួមមាន៖ទី១ «កុំពាក់ព័ន្ធ» មានន័យថា កុំជួញដូរ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ទី២ «កុំអន្តរាគមន៍»មានន័យថាកុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ។
ចំណែកទី៣ «កុំលើកលែង» មានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន។ «មួយរាយការណ៍» អាជ្ញាធរត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងផលិត កែច្នៃ និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេលប្រាំខែដើមឆ្នាំ២០២០នេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥របស់រាជរដ្ឋាភិបាល ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការ ដោយបង្រ្កាបបាន ៤.៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨.៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង ២០៩គីឡូក្រាម រួមទាំងសម្ភារខុសច្បាប់មួយចំនួនផងដែរ។
តែយ៉ាងណាក៏ដោយ ក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តណែនាំដល់ភាគីពាក់ព័ន្ធ បន្តថែរក្សាសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ហើយត្រូវបន្តនិងបង្កើតសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែខ្លាំងក្លាថែមទៀត៕