
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកតម្លៃស្រូវដែលមានគុណភាពល្អនៅកម្ពុជា គឺកំពុងស្ថិតក្នុងតម្លៃមួយដែលល្អ ដោយសារមានការប្រកួតប្រជែងទិញពីឈ្មួញក្នុងស្រុក និង ឈ្មួញទិញសម្រាប់នាំចេញទៅប្រទេសជិតខាង។តម្លៃនេះ ធ្វើឡើងក្រោយពីក្រសួងកសិកម្មសហការជាមួយវិស័យឯកជនចុះប្រតិបត្តិការដោយផ្ទាល់អន្តរាគមន៍លើការងារនេះ។
“បន្ទាប់ពីជួបបញ្ហាស្រូវធ្លាក់ថ្លៃនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាមួយចំនួនក្នុងថការប្រមូលទិញស្រូវ ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ។ កត្តានេះបានធ្វើឱ្យតម្លៃស្រូវរក្សាបានល្អ ហើយស្រូវគុណភាពល្អទទួលបានតម្លៃអប្បរមាចំនួន៩បាត ឬ ស្មើនឹង ១០៤០រៀល/គីឡូក្រាម”។នេះជាការលើកឡើងរបស់កញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
បើតាមអ្នកនាំពាក្យដដែល វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានធ្វើឱ្យតម្លៃស្រូវបច្ចុប្បន្នឡើង ដោយសារមានការប្រកួតប្រជែងទិញពីឈ្មួញក្នុងស្រុក និង ឈ្មួញទិញសម្រាប់នាំចេញទៅប្រទេសជិតខាង។ហើយការងារនេះ កើតឡើងដោយសារមានការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជនជាពិសេស ឯកឧត្តមឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង រោងម៉ាស៊ីនកិនស្រូវក្នុងខេត្តទាំងពីរ និង ការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
យោងតាមក្រសួងសិកម្ម នៅក្នុងឆ្នាំ២០២២ ផលិតកម្មដំណាំស្រូវទូទាំងប្រទេសកម្ពុជាអនុវត្តបានសរុបចំនួន ៣ ១៤០ ៦១៥ហិកតា ក្នុងនោះស្រូវរដូវប្រាំងមានចំនួន ៦៣៨ ៣០៥ហិកតា (តិចជាងឆ្នាំមុនចំនួន ៧៦៥៨ហិកតា) ស្រូវរដូវវស្សាចំនួន ២ ៥០១ ៤៧៧ហិកតា (តិចជាងឆ្នាំមុនចំនួន ១៣៩១៤៦ហិកតា)។ ទិន្នផលស្រូវរដូវប្រាំងជាមធ្យមទទួលបាន៤,៦០២តោន/ហិកតា បរិមាណផលស្រូវប្រាំងផលិតបានសរុបចំនួន២ ៩៣៧ ៣៤៩តោន។
ចំពោះផលិតកម្មស្រូវរដូវវស្សាឆ្នាំ២០២២នេះ ការដាំដុះសម្រេចបានសរុបចំនួន ២ ៧៦៤ ០៤០ហិកតា ក្នុងនោះផ្ទៃដីរងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន ២២០ ៦១៨ហិកតា និង ខូចខាតអស់ចំនួន ១១៦ ០៨៦ ហិកតា។ គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូនេះ ការប្រមូលផលស្រូវរដូវវស្សាសម្រេចបានចំនួន ៧៨,៦១% ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៣,២៦៩តោន/ហិកតា និងទទួលបានបរិមាណផលចំនួន ៧ ១០៣ ៣៦២តោន។ តាមការប៉ាន់ស្មានបឋម បរិមាណផលស្រូវក្នុងឆ្នាំ២០២២នេះអាចនឹងធ្លាក់ចុះប្រមាណជាង ១១លានតោន។ នេះបើតាមការបញ្ជាក់ពីកញ្ញា អឹម រចនា៕