
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១១ ធ្នូនេះ បានបន្តផ្សព្វផ្សាយពីសកម្មភាពមនុស្សសធម៌របស់ចៅស្រីច្បងរបស់ខ្លួនជាសាធារណៈ ហើយទទួលបានការចែករំលែកជាច្រើនក្នុងបណ្តាញសង្គមនៅប្រទេសកម្ពុជា។ការបន្តផ្សព្វផ្សាយលើកតម្កើងចៅស្រីច្បងរបស់ម្តេច ហ៊ុន សែន ពេលនេះ ត្រូវបានគេមើលឃើញថា គឺជាការបណ្តោះបណ្តាល ដើម្បីមានសមត្ថភាពអាចកាន់តំណែងជានាយករដ្ឋមន្ត្រីស្រីនៅពេលអនាគត។«ចៅស្រីច្បង»សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងនៅថ្ងៃអនាគតឬ?
ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហោះរូបភាពស្តីពីសកម្មភាពចៅស្រីច្បងរបស់សម្តេចតេជោ ក្នុងពេលចុះជួយពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជា។រូបភាពចំនួន ៧ សន្លឹកអមជាមួយសម្រស់ធម្មជាតិដ៏ស្រស់សោភា សម្តេច ហ៊ុន សែន បានសរសេរថា "កូន និង ចៅ បន្តសកម្មភាពមនុស្សធម៌បន្តពីម្តាយ និង ជីដូន"។
គិតត្រឹមឆ្នាំ ២០២២ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានចៅសរុប ២២នាក់ហើយ ក្នុងនោះមានប្រុសចំនួន ១២ នាក់ និង ស្រី១០នាក់។ចៅស្រីទី២១ មានឈ្មោះថា ម៉ាលីយ៉ា (Malya) គឺល្បីល្បាញថា មានភាពឆ្លាតវៃគួរឱ្យស្រឡាញ់ និង ចៅស្រីទី ២២ ជាកូនរបស់លោកជំទាវ ហ៊ុន ម៉ាណា។

ចៅស្រីច្បងរបស់សម្តេច ហ៊ុន សែន ក៏ជាកូនស្រីរបស់លោកជំទាវ ហ៊ុន ម៉ាណាផងដែរ និង បានបញ្ចប់ការសិក្សានៅជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប។កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចបានអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និង ចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេច ហ៊ុន សែន បាននាំចៅស្រីច្បងទៅជាមួយសម្តេចផងដែរ ដើម្បីឲ្យចេះរៀនធ្វើការងារ និងរៀនពីរបៀបនៃការចរចានយោបាយ។
ពេលនោះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនខ្មែរ និង បានស្ញើចសសើរលើចៅស្រីច្បងរបស់សម្តេចពីភាពក្លាហាន និង សមត្ថភាពក្នុងវិស័យការទូតទោះនៅក្មេងខ្ចីក្តី។ចំណែកពលរដ្ឋខ្លះទៀត បានដាក់ការសង្ស័យថា ចៅស្រីច្បងរបស់សម្តេច អាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងនៅកម្ពុជាសម្រាប់ថ្ងៃអនាគតក៏ថាបាន។

ក្នុងវេទិកាសាធារណៈនៅពេលកន្លងទៅ សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសដោយមិនបញ្ចេញឈ្មោះជំរុញឱ្យចៅស្រីរបស់សម្តេចត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីដាក់គោលដៅរបស់ខ្លួនធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។សម្រាប់សម្តេច ហ៊ុន សែន សម្តេចចង់ធ្វើជាឪពុកនាយករដ្ឋមន្ត្រី និង ចង់ធ្វើជាជីតារបស់នាយករដ្ឋមន្ត្រី។សម្តេចសង្កត់ធ្ងន់ជាការចំអកដល់ក្រុមប្រឆាំងថា សម្តេចមិនមែនបណ្តោះកូនចៅមក ដើម្បីយកមកធ្វើមេចោរនោះទេ។
ចំពោះចៅស្រីច្បងសម្តេច ហ៊ុន សែន សម្តេចធ្លាប់បានប្រកាសប្រគល់ភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ទៅចៅស្រីច្បងដោយសម្តេចមានជំនឿថា ជាម្ដាយរបស់សម្ដេចមកចាប់ជាតិ ហើយសម្តេចបានសន្យាជាមួយចៅស្រីច្បងថា នឹងខិតខំជួយចៅស្រី ដើម្បីសម្រេចគោលដៅដែលចៅចង់។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២២ គឺ៣៧ឆ្នាំហើយដែលសម្តេច ហ៊ុន សែន កាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ( ១៤មករា ១៩៨៥-១៤ មករា ២០២០)។សម្តេច ត្រូវបានមហាជនចាត់ទុកថា ជាបិតាសន្តិភាពរបស់កម្ពុជា ហើយបានដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យរហូតទទួលបានការអភិវឌ្ឍមកដល់បច្ចុប្បន្ន៕
