ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២០នេះមានក្រុមហ៊ុនចំនួន៣ដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តពីកម្ពុជា និងបានថវិការចំនួន ១១,៦ លានដុល្លារ។ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រហូតមកទល់នឹងឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកាចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនជាច្រើនបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដូចជានៅតាម ដែនជម្រកសត្វព្រៃតាតៃ និងដែនជម្រកសត្វព្រៃកែវសីមាឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។
បើតាមលោក នេត្រ ភក្ត្រា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិង គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ហើយការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។
សម្រាប់ក្រសួងបរិស្ថាន បច្ចុប្បន្នបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ៕