ភ្នំពេញ៖ លោកបណ្ឌិត យ៉ង សាំង កុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាអ្នកជំនាញផ្នែកវិស័យកសិកម្មល្បីល្បាយមួយរូបនៅកម្ពុជា បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច និង ស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ប៉ុន្តែយ៉ាងណា ការស្នើសុំនេះនៅមិនទាន់បានការឆ្លើយតបពីសម្តេច ហ៊ុន សែន នៅឡើយទេ។
លិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកបណ្ឌិត យ៉ង សាំង កុមារ ត្រូវបានទម្លាយជាសាធារណៈ។ក្នុងលិខិតនោះលោកបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា លោកមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និង ជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
បើតាមអ្នកជំនាញរូបនេះ បានអះអាងថា លោកមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់លោក។
លោកបណ្ឌិត យ៉ង សាំង កុមារ គឺជាអ្នកជំនាញកសិកម្មមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់។លោកតែងចូលរួមបញ្ចេញទស្សនៈនានាលើវិស័យកសិកម្ម ហើយលោកផ្ទាល់ក៏មានបង្កើតសមាគមចែករំលែកចំណេះជំនាញ និង អភិវឌ្ឍន៍លើវិស័យកសិកម្មនេះផងដែរ។
នៅរយៈពេលចុងក្រោយនេះ មានករណីផ្ទុះឡើងនូវវិបត្តិទីផ្សារកសិកម្ម ពិសេសស្រូវកសិករដែលលក់បានតម្លៃថោក ហើយលោកដាក់លិខិតជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដើម្បីជជែកពិភាក្សាអំពីយន្តការនៃការដោះស្រាយវិបត្តិកសិកម្ម ឬវិបត្តិទីផ្សារជូនកសិករ។ តែជាការឆ្លើយតប ការចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះបាន គឺទាល់តែពួកលោកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចជាមុន។នេះបើយោងតាមប្រសាសន៍លោកបណ្ឌិត យ៉ង សាំង កុមារ ថ្លែងប្រាប់សារព័ត៌មានVOD។
លោកបណ្ឌិត យ៉ង សាំង កុមារ មានបំណងសុំជួបផ្ទាល់ជាមួយសម្តេច ហ៊ុន សែន ដើម្បីជជែកលម្អិតលើផែនការរបស់លោកដើម្បីទទួលបានការគាំទ្រពីសម្តេចជាមុនសិន៕