ភ្នំពេញ៖ មន្ត្រីរដ្ឋបាលព្រៃឈើរបស់កម្ពុជាម្នាក់ត្រូវបានឃាត់ខ្លួននៅអាម៉េរិក ពាក់ព័ន្ធក្នុងសំណុំរឿងរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ចូលទឹកដីអាមេរិក។ក្រសួងកសិកម្មកម្ពុជា អះអាងថា ការនាំចេញស្វាក្តាមទៅអាម៉េរិក ក្រុមហ៊ុន ដែលប្រកបអាជីវកម្មនាំចេញស្វាក្តាមនេះ ត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់អាម៉េរិក បច្ចុប្បន្នក្រសួងកំពុងព្យាយាមស្វែងរកយុត្តិធម៌ជូនមន្ត្រីខ្លួនផងដែរ។
ភ្លាមៗក្រោយពីទទួលព័ត៌មានថា មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជាត្រូវចាប់ខ្លួន ក្រសួងកសិកម្ម បានចេញនូវសេចក្តីប្រកាសព័ត៌មានបង្ហាញការភ្ញាក់ផ្អើលការហួសចិត្ត និង ក្តីទោមនស្សយ៉ាងខ្លាំងដែលសមត្ថកិច្ចអាម៉េរិកចាប់ខ្លួនមន្ត្រីរបស់ខ្លួន ក្នុងពេលលោក កំពុងរង់ចាំឡើងយន្តហោះ ធ្វើដំណើរបន្តចេញពីទឹកដីអាម៉េរិក ទៅកាន់ប្រទេសដាណឺម៉ាក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីអនុសញ្ញាការពារសត្វ និង រុក្ខជាតិជិតផុតពូជ។
បើតាមក្រសួងកសិកម្ម បានពន្យល់ថា នៅកម្ពុជា«សត្វស្វាក្តាម»ជាប្រភេទសត្វសម្បូរ និង មានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និង ទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។សត្វស្វាក្តាមនេះ ត្រូវបានចិញ្ចឹមនៅកម្ពុជាតាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។សម្រាប់ក្រសួងកសិកម្ម សត្វស្វាយនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅ ប្រទេសនោះទេ។
ក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា កម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និង បទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ចំពោះការនាំចូលទៅអាម៉េរិក ក្រុមហ៊ុនដែលប្រកប អាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់អាម៉េរិក។
គួរបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវបានឃាត់ខ្លួននៅទឹកដីអាម៉េរិក ខណៈម្នាក់ទៀតកំពុងត្រូវបានតាមចាប់ខ្លួន ក្នុងសំណុំរឿងរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ចូលទឹកដីអាម៉េរិក។ការចាប់ខ្លួននេះ ក្រសួងយុត្តិធម៌អាម៉េរិក បានអះអាងថា រយៈពេល៥ឆ្នាំហើយដែលមន្ត្រីខ្មែរទាំង២នាក់នេះយកសត្វស្វាក្តាមជាច្រើនក្បាលពីឧទ្យានជាតិ និង តំបន់ការពារផ្សេងៗក្នុងប្រទេសកម្ពុជា បញ្ជូនទៅកាន់កន្លែងពិសោធន៍បង្កាត់ពូជ មុនធ្វើឯកសារបន្លំនាំចេញទៅអាម៉េរិក។
ជនសង្ស័យទដែលសមត្ថកិច្ចអាម៉េរិករកឃើញក្នុងសំណុំរឿងនេះមាន៨នាក់ ដោយក្នុងនោះ មន្រ្តីកម្ពុជា២នាក់ និង បុគ្គល៦នាក់ទៀតរបស់ក្រុមហ៊ុននៅអាម៉េរិក។ពួកគេអាចត្រូវប្រឈមនឹងការកាត់ទោសរហូតដល់៥ឆ្នាំ លើបទសមគំនិត និង អាចរហូតដល់២០ឆ្នាំ លើបទប្រកាន់រត់ពន្ធចំនួន ៧ករណី និងដោយត្រូវរងការផាកពិន័យជាទឹកប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារអាម៉េរិក ឬ ២ដងនៃប្រាក់ចំណេញពីបទល្មើសរត់ពន្ធសត្វនេះ៕