ខេត្តកណ្តាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានថ្លែងថាទោះបីជាកូវីដបានវាយប្រហារសេដ្ឋកិច្ចរបស់កម្ពុជាធ្វើឲ្យចំណូលធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែកូវីដមិនអាចសម្លាប់រដ្ឋាភិបាលរបស់ហ៊ុន សែនបានទេ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសការចុះត្រួតពិនិត្យព្រលានយន្តហោះថ្មី សម្តេចហ៊ុន សែន បានថ្លែងថា «កូវីដមិនអាចសម្លាប់រដ្ឋាភិបាលរបស់ហ៊ុន សែនបានទេ»។ ជាក់ស្តែង មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បច្ចុប្បន្នទទួលបាននូវប្រាក់បៀវត្សក្នុងមួយខែពីរដង។ បើទោះបីជាមកដល់ខែមេសា មន្ត្រីរាជការត្រូវដំឡើងប្រាក់មួយដំណាក់ទៀត ស្របពេលដែលកូវីដកំពុងតែវាយប្រហារធ្វើឲ្យចំណូលធ្លាក់ចុះ ក៏ប៉ុន្តែរាជរដ្ឋាភិបាលនៅតែមានសមត្ថភាព និងដំឡើងប្រាក់បៀវត្សបាន។
សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា ពិតមែនតែចំណូលកម្ពុជាធ្លាក់ចុះ ប៉ុន្តែការធ្លាក់ចុះនេះ វាគ្រាន់តែធ្លាក់ចុះក្នុងបរិមាណមួយ មានន័យថាកម្ពុជាមិនទាន់ដល់កម្រិតដែលមិនមានសាច់ប្រាក់សម្រាប់បើកប្រាក់បៀវត្សទេ។ បើយោងទៅលើស្ថានភាពធម្មតា តាមគោលដៅផ្នែកគយនឹងសម្រេចបានប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ឬអាចលើសជាងនេះ។ ប៉ុន្តែបើមិនសម្រេចដល់គោលដៅនៃជាង២ពាន់លានដុល្លារ ក៏ផ្នែកគយមួយអាចសម្រេចបាន១ពាន់២រយលានដុល្លារដែរ។
ក្នុងនោះដែរ សម្តេចបានឆ្លើយតបទៅអ្នកសារព័ត៌មាន ដែលតែងតែដាក់ការងឿងឆ្ងល់ ថាតើកម្ពុជាមានសាច់ប្រាក់ពិតប្រាកដនៅក្នុងដៃ ដែលរដ្ឋាភិបាលប្រកាសថាមានប្រាក់ជាង៣ពាន់លានដុល្លារ។ សម្តេសបញ្ជាក់ថា កម្ពុជាមានប្រាក់សុទ្ធគ្រប់គ្រាន់នៅក្នុងដៃ ដោយមិនទាន់និយាយពីប្រាក់ប្រមាណ២០ពាន់លានដុល្លារជាទុនបម្រុងអន្តរជាតិ។
សម្តេចសង្កត់ធ្ងន់ថា មាយាទរបស់កម្ពុជាគឺការសន្សំ ហើយការសន្សំនេះទៀតសោត មិនមែនជាការសន្សំតួលេខ គឺសន្សំសាច់លុយសល់ប្រមាណជិត៣ពាន់៥រយលានដុល្លារ។ ដូច្នេះរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពដើម្បីនឹងរុញថវិការនោះ សម្រាប់កម្មករដែលបានបាត់បង់ការងារធ្វើបានបើកមួយខែៗប្រមាណជិត២ម៉ឺននាក់៕