Yearendyearend1140x150

សម្តេច ហ៊ុន សែន ជួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្នេង៖រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ស្តាំ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ វិច្ឆិកានេះ បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន Dmytro Kuleba នៅវិមានសន្តិភាព។ជាជំនួបធ្វើឡើងក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២នេះ។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានដល់កម្ពុជានៅល្ងាចថ្ងៃអង្គារនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកំពុងចាប់ផ្តើមធ្វើនៅក្នុងរាជធានីភ្នំពេញ។ វត្តមានរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែននៅលើទឹកដីកម្ពុជានេះ គឺស្របពេលដែលប្រទេសមួយនេះ កំពុងធ្វើសង្រ្គាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១ វិច្ឆិកា បានបន្តប្រកាសពីជំហររបស់ខ្លួនក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែនដែលកំពុងរងការវាយប្រហារដោយប្រទេសរុស្ស៊ី។សម្តេច ហ៊ុន សែន បានសម្តែងក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និង ទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និង ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និង ទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិឋាមពល និង ស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។

សម្តេច ហ៊ុន សែន បានបញ្ជាក់អំពីជំហររបស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ ការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) តាមរយៈគណនី Twitter ផ្លូវការរបស់ខ្លួននៅថ្ងៃទី១ វិច្ឆិកានេះ បានចេញសារអរគុណសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានអាស៊ានឆ្នាំ២០២២ សម្រាប់ការគាំទ្រនូវអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ព្រមទាំងការគាំទ្រនៅអង្គការសហប្រជាជាតិ។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាស ធានាសន្តិសុខស្បៀងសម្រាប់តំបន់អាស៊ានផងដែរ។ជាមួយគ្នានោះ លោកហ៊្សែលឡិនស្គី បានស្នើសុំថ្លែងសន្ទកថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។

តែយ៉ាងណាក្តី សំណើររបស់លោកហ៊្សែលឡិនស្គី មិនទាន់ត្រូវបានឆ្លើយតបពីសម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឡើយទេ ដោយសម្តេចអះអាងថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង