កម្ពុជា៖ គម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការស្រាវជ្រាវ និងរាប់ចំនួនសត្វព្រៃដែលមាននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយប្រើវិធីសាស្រ្តដើរតាមបន្ទាត់ត្រង់។ ដើម្បីសម្រេចបានវិធីសាស្រ្តបន្ទាត់ត្រង់ ត្រូវមានការបណ្តុះបណ្តាលបុគ្គលិក ការបង្កើតក្រឡាចត្រង្គ និងការចុះផ្ទាល់ទៅក្នុងព្រៃ។ បច្ចុប្បន្ននេះ ការរាប់ចំនួនសត្វព្រៃស្ថិតក្នុងដំណាក់កាល បង្កើតក្រឡាចត្រង្គ បន្ទាប់ពីបានផ្តល់ការបណ្តុះបណ្តាលដល់ក្រុមស្រាវជ្រាវ។
កម្មវិធីកុំព្យូទ័រត្រូវបានប្រើដើម្បីបង្កើតក្រឡាចត្រង្គចំនួន៧៤ ដែលក្រឡានីមួយៗមានផ្ទៃដីមួយគីឡូម៉ែត្រការ៉េ មានទីតាំងកំណត់ដោយចៃដន្យនៅពាសពេញព្រៃឡង់។ បន្ទាប់ពីការគូសផែនទីប្លង់ក្រឡាចត្រង្គ ក្រុមការងារស្រាវជ្រាវបាន និងកំពុងចូលទៅក្នុងព្រៃដើម្បីសម្គាល់ក្រឡាចត្រង្គនីមួយៗ។
ការសម្គាល់នេះត្រូវបានធ្វើឡើងដោយការត្រួសត្រាយស្មៅ និងឈើតូចៗ និងគូរថ្នាំពណ៌លើដើមឈើ។ គម្រោង USAID ព្រៃឡង់បៃតង បានផ្តល់ជូនអ្នកស្រាវជ្រាវសហគមន៍នូវឧបករណ៍ចាំបាច់សម្រាប់ការងារនេះ រួមមាន GPS កាបូបស្ពាយមិនជ្រាបទឹក ស្បែកជើងកវែង អង្រឹង ពិលពាក់ក្បាល អាវភ្លៀង ចង្រ្កានហ្គាសតូច ឆ្នាំង និងសម្ភារៈសង្គ្រោះបឋម។ ការចុះកំនត់ក្រឡាចត្រង្គនឹងធ្វើឡើងចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២២ ហើយការកត់ត្រាទិន្នន័យនឹងចាប់ផ្តើមនៅខែមករា រហូតដល់ខែឧសភាឆ្នាំ២០២៣។
គួរបញ្ជាក់ថា មុនដំណើរការ នៃគម្រោងរាប់ចំនួនសត្វព្រៃនេះ គម្រោង USAID ព្រៃឡង់បៃតង បានធ្វើការបណ្តុះបណ្តាល ក្រុមស្រាវជ្រាវផ្នែកជីវចម្រុះចំនួន១២នាក់ មន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តចំនួន៨នាក់ដែលមកពីខេត្តចំនួន៤ជុំវិញព្រៃឡង់ ព្រមទាំងបុគ្គលិកគម្រោង USAID ព្រៃឡង់បៃតងចំនួន២នាក់៕