
ភ្នំពេញ៖ ការដាក់ចេញនូវវិធានការណ៍ចំនួន៥ របស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងស្ថានភាពខ្យល់ បានធ្វើឱ្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលមានភាពល្អប្រសើរ។ក្នុងការតាមដានរកឃើញថា គុណភាពខ្យល់នៅទូទាំងប្រទេសនៅមានភាពល្អប្រសើរ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានរៀបចំទីតាំងត្រួតពិនិត្យគុណភាពខ្យល់សាធារណៈចំនួន ៥១ទីតាំង។ ក្នុងនោះ នៅក្នុងទីក្រុងភ្នំពេញមានចំនួន ១៤កន្លែង និងនៅតាមបណ្ដាខេត្តមានចំនួន ៣៧កន្លែង។ ការធ្វើបែបនេះ ដើម្បីប្រមូលនូវទិន្ន័យខ្យល់ប្រចាំថ្ងៃ និងធ្វើការវាយតម្លៃទៅតាមគុណភាពខ្យល់ដែលបានផ្ដល់មកឱ្យ។
ឯកឧត្តម នេត្រ ភក្រ្តា បានបន្ដថា យោងតាមទិន្នន័យដែលបានប្រមូលបានពីម៉ាស៊ីនត្រួតពិនិត្យគុណភាពខ្យល់ ខ្យល់នៅទូទាំងប្រទេសនៅមានភាពល្អប្រសើរ។ ហើយភាពល្អប្រសើរនេះ ដោយសារការដាក់ចេញនូវវិធានការណ៍មួយចំនួន ដូចជាការដាក់រនាំងនៅតាមការដ្ឋានសំណង់ ការដ្ឋានថ្នល់តម្រូវឱ្យមានការស្រោចទឹកជាប្រចាំ ហាមឃាត់ប្រជាពលរដ្ឋដុតសម្រាមផ្ដេសផ្ដាស់ គ្រប់គ្រងទីលានចាក់សម្រាមឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់យានយន្ដ។
ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងទៀតថា ការដាក់ចេញនូវវិធានការណ៍ទាំងអស់នេះ គឺជាផ្នែកមួយនៃការដើរស្របគ្នាទៅលើការធ្វើអព្យាក្រឹត្យភាពកាបូន។ នៅឆ្នាំ២០៥០ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក មានការសន្យាថាត្រូវឱ្យកម្រិតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការស្រូបទៅវិញមានតុល្យភាព ដែលហៅថា អព្យាក្រឹត្យកាបូន៕