Cctime 6monthsfree desktop
Cc times  web banner kh (2)

ផូស៊ីលឆ្អឹងសត្វដាយណូស័រដំបូងគេ ត្រូវបានរកឃើញនៅខេត្តកោះកុង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ ក្រុមការងារជំនាញបុរាណវិទ្យា នៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ីលឆ្អឹងសត្វមួយប្រភេទ ដែលអាចមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយនេះជាផូស៊ីលឆ្អឹងសត្វដំបូងគេ ដែលរកឃើញនៅកម្ពុជា តាំងពីខែមីនា ឆ្នាំ២០២១។ ផូស៊ីលឆ្អឹងសត្វនោះកប់ជាប់ក្នុងថ្ម ហើយវាមានប្រវែង៧០ស.ម និងទទឹង២០ស.ម។ ស៊ីលឆ្អឹងសត្វដាយណូស័រ ត្រួវបានរកឃើញនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត។ បើពិនិត្យមើលតាមធរណីវិទ្យា ឆ្អឹងនោះស្ថិតនៅស្រទាប់ថ្មក្រោម បើធៀបទៅនឹងកោះ ហើយនឹងភ្នំដែលនៅជាប់នោះ គឺវានៅក្រោមប្រហែល៣០ទៅ៤០ ម៉ែត្រឯណោះ។

បើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹង ផូស៊ីលឆ្អឹងដាយណូស័រត្រូវបានរកឃើញដោយ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន តាំងពីខែមីនា ឆ្នាំ២០២១ មកម្លេះ។ នៅពេលបានរកឃើញភ្លាមៗ ក្រសួងបរិស្ថានមិនបានបង្ហាញជាសាធារណៈ ព្រោះត្រូវធ្វើការវាយតម្លៃ និបញ្ជាក់ឱ្យបានច្បាស់។

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានបញ្ជាក់ថាផូស៊ីលឆ្អឹងសត្វនេះ គឺជាផូស៊ីលឆ្អឹងសត្វដាយណូស័រ។ ក្រុមការងារជំនាញបុរាណវិទ្យា នៃក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញមកពីបរទេស នឹងធ្វើការស្រាវជ្រាវបន្ថែមទៀត នៅអំឡុងខែវិច្ឆិកាខាងមុខនេះ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធជាមួយផូស៊ីលឆ្អឹងសត្វដាយណូស័រនេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ដថា ផូស៊ីលនេះនឹងផ្ដល់នូវព័ត៌មានជាច្រើន ជាពិសេសប្រវត្តិនៃការកកើតទឹកដី និងប្រភពនៃតំបន់ទាំងនោះ ដែលពាក់ព័ន្ធជាមួយប្រវត្តិសត្វដាយណូស័រ។ កិច្ចការបន្ទាប់របស់ក្រុមការងារសិក្សាផូស៊ីល គឺថែរក្សាតំបន់នេះ ដើម្បីបង្ការការប៉ះពាល់ផ្សេងៗ ដើម្បីឱ្យអ្នកជំនាញសិក្សាស្រាវជ្រាវបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង