
ភ្នំពេញ៖ ក្នុងចំណោមសត្វព្រៃដែលរស់នៅលើដីចំនួន ១៥០ប្រភេទ មាន៦៧ប្រភេទ ត្រូវបានគេបរបាញ់ដោយខុសច្បាប់ ហើយភាគច្រើនសម្រាប់យកសាច់។ នេះបើផ្អែកតាមកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ តុលា នេះ ។
បើតាមក្រសួងបរិស្ថាន សត្វព្រៃក៏ត្រូវបានរងគ្រោះដោយការបរបាញ់ខុសច្បាប់ សម្រាប់ប្រើប្រាស់ជាឱសថ ការជួញដូរខុសច្បាប់ និងដោយសារវិវាទសត្វនិងមនុស្ស សម្រាប់កីឡាប្រមាញ់កំសាន្ត ឬប្រើប្រាស់សម្រាប់ផលិតសំលៀកបំពាក់។
របាយការណ៍អនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាម ត្រូវបានរឹបអូសខណៈសាច់សត្វព្រៃទាំងនោះមានចរាចរណ៍ក្នុងទីផ្សារការជួញដូរ។ ស្របពេលជាមួយគ្នានោះដែរ មន្រ្ដីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃបានជាង ២០០គីឡូក្រាម ពេលចុះបង្រ្គាបនៅតាមទីផ្សារក្នុងរយៈពេល៦ខែ ចុងក្រោយនេះ។
តាមការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថាក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឲ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%៕



