Yearendyearend1140x150

ប្រមុខការទូតកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចេញដំណើរទៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីប្រទេសមីយ៉ាន់ម៉ា។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៉ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

ប្រធានអាស៊ានបានកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។

អាស៊ានក៏បានអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង