
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ តុលា បានបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងយុទ្ធនាការនេះ នឹងសហការជាមួយភោជនីយដ្ឋានចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីលើកទឹកចិត្តឲ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យបានទូលំទូលាយ។
ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុ បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ យុទ្ធនាការបញ្ឈប់ការជួញដូរនិងហូបសាច់សត្វព្រៃដែលជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាន និងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងហូបសាច់សត្វព្រៃនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួននិងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។
ឯកឧត្តម នេត្រ ភក្ត្រា បន្ដថា យុទ្ធនាការនេះ នឹងលើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានីភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយបន្ថែមទៀតអំពីយន្តការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរីក្នុងនោះមានក្រុមជំនួយអនុវត្តច្បាប់ចល័ត ព្រមទាំងសេចក្តីណែនាំនិងវិធានការនានារបស់ខេត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។
គួរបញ្ជាក់ថា រយៈពេល៦កន្លងមកនៅខេត្តមណ្ឌលគិរី បានបង្រ្កាបការជួញដូរសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាម និងថា រយៈពេល១៨ខែ ក្នុងឆ្នាំ២០២២១ ដល់ឆ្នាំ២០២២ ពោលគឺ១២ខែ ក្នុងឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរបានបង្រ្កាប ការជួញដូរសត្វព្រៃរហូតដល់ ១,៣៥៣គីឡូក្រាម៕
