Yearendyearend1140x150

ក្រសួងបរិស្ថានសម្រេចយកតំបន់ការពារធម្មជាតិចំនួន០៦អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន 

ភ្នំពេញ៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៣ តុលា បានធ្វើការផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន០៦។

ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបរិស្ថានបានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួន ០៦តំបន់ ដោយជ្រើសរើសចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍

តំបន់ដែលដែលត្រូវបានជ្រើសរើសរួមមាន តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន», តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ, តំបន់អេកូទេសចរណ៍ឆ្នេរ, តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប, តំបន់អេកូទេសចរណ៍ព្រៃឡង់ និង តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត។

ឯកឧត្តម រ័ត្ន វិរៈ បានឱ្យដឹងថា ទេសចរណ៍ត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុង កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។

គួរបញ្ជាក់ថា កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន ៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង