សៀមរាប៖ លោក សេង គឹមហុង ជាស្ថាបនិកសាលា Speak Like Khmer (SKL) រឺ Be Like Khmer (BLK) ដែលជាសាលាបង្រៀនភាសាខ្មែរដល់ជនបរទេស។លោកបានបង្កើតសាលានេះឡើង នៅក្នុងឆ្នាំ២០១៧ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាម។ការបង្កើតឡើង ក្នុងគោលបំណង ដើម្បីសម្រួលដល់ជនបរទេសដែលមកធ្វើការ ឬ ចុះកម្មសិក្សា ក៏ដូចជារស់នៅក្នុងប្រទេសកម្ពុជា និង ចង់បញ្ជ្រាបវប្បធម៌ខ្មែរដល់ជនជាតិបរទេសផងដែរ។
ក្នុងវ័យ ៣៤ឆ្នាំ លោក សេង គឹមហុង មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង។លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០០៨ ហើយក្រោយមកលោកបានធ្វើការនៅក្នុងអង្គការមួយ ជាគ្រូបង្រៀនភាសាអង់គ្លេស។លោក សេង គឹមហុង បានប្រាប់ពីដំណើរដើមទងដំបូងមុនសម្រេចចិត្តបើកសាលាបង្រៀនភាសាខ្មែរថា បន្ទាប់ពីធ្វើការបានរយៈពេលមួយឆ្នាំ មានជនជាតិបរទេសធ្វើការងារស្ម័គ្រចិត្ត ឬចុះកម្មសិក្សានៅកម្ពុជា មានបំណងសិក្សាភាសាខ្មែរ។នៅពេលនោះ នៅក្នុងខេត្តបាត់ដំបង មិនទាន់មានសាលាបង្រៀនភាសាខ្មែរនោះឡើយទេ ក៏តម្រូវឱ្យបុគ្គលិកនៅក្នុងអង្គការនោះជួយបង្រៀនភាសាខ្មែរ។
ដោយសារតែលោក គឹមហុង មានពេលទំនេរ និង ចង់មានបទពិសោធន៍ ក៏ដូចជាអាចសិក្សាភាសាអង់គ្លេសពីពួគគេផងនោះ លោកក៏សម្រេចចិត្តបង្រៀនដល់ជនជាតិបរទេសទាំងនោះ។នៅពេលលោកបានចាប់ផ្ដើមបង្រៀនភាសាខ្មែរ លោកក៏ចាប់ផ្ដើមលង់ស្រឡាញ់ការបង្រៀនភាសាជាតិ ពិព្រោះវាមានភាពងាយស្រួលក្នុងការបង្រៀន និង ធ្វើឱ្យលោកបានសិក្សាស្រាវជ្រាវកាន់តែច្រើនពី អក្សរសាស្រ្តខ្មែរ។
បើតាមលោក សេង គឹមហុង នៅពេលលោកបានស្រាវជ្រាវពីអក្សរសាស្រ្តខ្មែរ ឯកសារជាច្រើនត្រូវបានបាត់បង់ក្នុងអំឡុងរបបកម្ពុជាប្រជាធិតេយ្យ ហើយឯកសារខ្លះទៀតស្ទើរតែគ្មានសោះ មានតែសួរព្រឹទ្ធាចារ្យចាស់ៗ ដែលជាគ្រូបង្រៀនពីដើមប៉ុណ្ណោះទើបអាចដឹង។ដូច្នេះហើយទើបលោកចាប់យកអាជីព ជាគ្រូបង្រៀនភាសាខ្មែរ និង ឈប់បង្រៀនភាសាអង់គ្លេស។
នៅពេលចាប់ផ្ដើមបើកដំណើរការសាលាដំបូង លោក សេង គឹមហុង មានការលំបាកទាំងការរត់ការឯកសារទៅកាន់ក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសនោះ គឺការហ្វឹកហាត់បុគ្គលិក ក្នុងការបង្រៀនឱ្យបានល្អ។ជាមួយគ្នានោះបញ្ហាផ្នែកហិរញ្ញវត្ថុក៏ជាបញ្ហាធំផងដែរ។
លោក គឹមហុង ប្រាប់ស៊ីស៊ីថាមស៍ ការបើកសាលាដំបូង គឺនៅក្នុងផ្ទះល្វែង និង មានត្រឹមតែថ្នាក់រៀនបីបន្ទប់ប៉ុណ្ណោះ។សូម្បីតែសៀវភៅសម្រាប់ប្រើប្រាស់ក្នុងការបង្រៀនក៏មិនមានច្បាស់លាស់ ហើយសម្ភារៈសំខាន់ៗ ដូចម៉ាស៊ីនព្រីន កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ក៏មិនមានដែរ និង មិនធនធានមនុស្សច្រើនឡើយនៅពេលនោះ។តែយ៉ាងណាឧបសគ្គទាំងអស់នោះ មិនបានរារាំងដល់គោលបំណងរបស់គឹមហុងឡើយ។
សម្រាប់លោក គឹមហុង ការបង្រៀនភាសាខ្មែរនេះ អាចជួយសម្រួលដល់ជនបរទេស និងឱ្យជនបរទេសទាំងនោះគិតថា កម្ពុជាជាផ្ទះទីពីររបស់ពួកគេ។នៅពេលជនបរទេសចេះភាសាខ្មែរ ជាការបើកផ្លូវដ៏ធំសម្រាប់ពួកគេអាចសន្ទនាគ្នាបាន និង ជួយសម្រួលការងាររបស់ពួកគេ ក្នុងការធ្វើការងារនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។
ទន្ទឹមនិងនេះ ការបើសាលាបង្រៀនភាសាខ្មែរដល់ជនបរទេស វាជាការប្រើនូវធនធានដែលមានស្រាប់ ក្នុងការនាំយកចំណូលចូលមកកម្ពុជាតាមរយៈជនបរទេស នឹងនាំឱ្យបរទេសស្រឡាញ់ និង ចង់រស់នៅក្នុងប្រទេសកម្ពុជា យល់ដឹងពីវប្បធម៌ និង អត្តចរិករបស់ខ្មែរជាដើម។ មិនតែប៉ុណ្ណោះ ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាថែមទាំងចាយលុយនៅកម្ពុជា និង ជួយដល់យុវជនកម្ពុជាជំនាន់ក្រោយមានការងារធ្វើថែមទៀតផង។
គួរបញ្ជាក់ថា លោក សេង គឹមហុង មានទីកន្លែងកំណើតនៅខេត្តបាត់ដំបង និង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេស ពីសាកលវិទ្យាល័យអន្ដរជាតិ ឌូវី ក្នុងឆ្នាំ២០១៥។ ហើយនៅឆ្នាំ២០២៣ លោកមានបំណងពង្រីកនូវសាខាសាលាបង្រៀននេះមកទីក្រុងភ្នំពេញ ព្រោះមានសិស្សមួយចំនួនស្នាក់នៅទីក្រុងភ្នំពេញ បាននឹងកំពុងបន្ដសិក្សាតាមរយៈអនឡាញ និងនៅទីក្រុងក៏មានជនបរទេសច្រើនផងដែរ។ លោកក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើខេត្តកំពត ព្រោះវាជាខេត្តដែលមានសក្ដានុពល មានជនបរទេសរស់នៅច្រើន និងមិនទាន់មានសាលាបង្រៀនភាសាខ្មែរនៅឡើយទេ។ ប្រសិនបើការពង្រីកសាខានៅភ្នំពេញ និងខេត្តកំពតបានជោគជ័យ លោកក៏នឹងពង្រីកសាខាបន្ថែមទៀតនៅខេត្តព្រះសីហនុផងដែរ។ ហើយការពង្រីកសាលាទៅកាន់ទីតាំងទាំងបីនេះ លោករំពឹងថាការបោះជំហានទៅទីក្រុង និងខេត្តនិមួយៗ ត្រូវចំណាយពេលយ៉ាងតិចពីរឆ្នាំ៕