Cctime 6monthsfree desktop
Cc times  web banner kh (2)

អគារនិងម៉ាស៊ីនផលិតអុកស៊ីសែន ក្នុងខេត្ដព្រះវិហារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ព្រះវិហារ៖ អគារនិងម៉ាស៊ីនផលិតអុកស៊ីសែន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ កញ្ញា។ អគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជិត ៣០០ ០០០ នាក់។ រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីនេះ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជិត ៣០០ ០០០ នាក់។ រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបាន សាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។ នេះជាមូលហេតុ ដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា។

គួរបញ្ជាក់ថា អគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មី បានចំណាយថវិកា ១៦ លានដុល្លារ។ ហើយម៉ាស៊ីនផលិតអុកស៊ីសែន នេះ ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន ៣០០ លីត្រក្នុងមួយនាទី (LPM) ។ គម្រោងនេះនឹងជួយ មន្ទីរពេទ្យឈប់ទិញបំពង់អុកស៊ីសែនពីអ្នកផ្គត់ផ្គង់ឯកជនបញ្ជូនបំពង់អុកស៊ីសែន ទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់បំពេញឡើងវិញ។ ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលា ថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែន ដែលបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ ៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង